អគ្គនាយកដ្ឋានកាំកុងត្រួលព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលបន្លំយកឈ្មោះមន្ត្រីស្ថាប័ននេះ ដើរទារប្រាក់ពីម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈទូទាំងរាជធានី/ខេត្ត។
ក្នុងលិខិតរបស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះផ្សាយកាលពីថ្ងៃទី២៨ខែមិថុនាម្សិលមិញ បានឲ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យឃើញថា ម្ចាស់ស្ថានីយ/ប្រេងឥន្ធនៈទូទាំងប្រទេសមានភាពមិនសមស្របចំពោះការចរាចរ ចែកចាយ លក់ប្រេងឥន្ធនៈទាំងផ្នែកបរិមាណ គុណភាព និងការប្រកាសបន្លំពីម្ចាស់ស្ថានីយជាដើម។
ដើមចមទាំងនេះ ធ្វើឲ្យជនខិលខូចមួយចំនួនបានឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូល ដើរទារប្រាក់ពីម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈ ដោយអះអាងថា ជាថ្នូរជួយដោះស្រាយបញ្ហា ឬជួយសម្របសម្រួលលើបាតុភាពណាមួយជាដើម។ ករណីនេះ អគ្គនាយកដ្ឋានកាំកុងត្រូល ប្រាប់ទៅម្ចាស់ស្ថានីយជួយរាយការណ៍ទៅស្ថាប័នកាំកុងត្រូល ឬសាខាកាំកុងត្រូលទូទាំងរាជធានី/ខេត្ត ដើម្បី ចាត់វិធានការច្បាប់លើជនខិលខូចទាំងនោះ។
អ្វីដែលគួរឲ្យកត់សំគាន់ក្នុងលិខិតនោះបានបញ្ជាក់ថា រៀងរាល់ប្រតិបត្តការការងារ មន្ត្រីជំនាញរបស់កាំកុងត្រូលតែងតែប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័ត បំពាក់ដោយសម្ភារឧបករណ៍ម៉ាស៊ីនវិភាគ រួមទាំងសំលៀកបំពាក់ជាឯកសណ្ឋានការងារ និងមានលិខិតបញ្ជាក់បេសកកម្មត្រឹមត្រូវ៕