ទីបំផុតទៅសហភាពអឺរ៉ុប បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកកម្ពុជារយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ខែកក្កដានេះ ជាអ្វីដែលក្រុមប្លុកលោកសេរីមួយនេះហៅថា បេសកកម្មពិសេសដើម្បីស្វែងរកការពិតថា តើរដ្ឋាភិបាលកម្ពុជាពិតជាបានរំលោភសិទ្ធិមនុស្ស សិទ្ធិធ្វើនយោបាយដូចការលើកឡើងមែនឬទេ មុនខ្លួនសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ។
ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA របស់សហភាពអឺរ៉ុប បានកំណត់មិនយកពន្ធលើផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ ដែលកម្ពុជានាំទៅលក់នៅទីផ្សាររបស់ខ្លួន។
ប្រព័ន្ធ EBA ធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាទីផ្សារធំបំផុតសម្រាប់កម្ពុជានាំផលិតផលកាត់ដេរ និងកសិកម្មទៅលក់នៅទីនោះដោយរួចពន្ធ។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ប្រាប់ VOD កាលពីសប្តាហ៍មុនថា ប្រព័ន្ធអនុគ្រោះពន្ធនេះ បានផ្តល់អត្រាកំណើតសេដ្ឋកិច្ចដល់កម្ពុជាដល់ទៅ ៤០% និងផ្តល់ឱកាសដល់អ្នកវិនិយោគផ្នែកវិស័យកាត់ដេរ និងកសិកម្ម ឲ្យពួកគេមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ពិសេសវិស័យកាត់ដេរ ដែលបានស្រូបយកកម្លាំងពលកម្មជាង ៨០ម៉ឺននាក់ ដែលកំពុងបម្រើការងារបច្ចុប្បន្ន។
ប៉ុន្តែ ប្រព័ន្ធអនុគ្រោះពន្ធនេះ បានភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមាន ១៨ប្រទេសចុះហត្ថខារួមគ្នា ក្នុងនោះមានទាំងមហាអំណាចទាំង ៥ផងដែរ។
ប៉ុន្តែ ក្រោយពីកម្តៅនយោបាយ ដែលឈានទៅចាប់ឃុំខ្លួនមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា បណ្តេញអង្គការ NDI របស់អាមេរិក និងរំលាយគណបក្សសង្គ្រោះជាតិជាដើមនោះ សហភាពអឺរ៉ុបដែលជាទីផ្សារដ៏ធំរបស់កម្ពុជា បានព្រមានថា នឹងផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បើក្រុមការងារពិសេសរបស់ខ្លួន រកឃើញថា រដ្ឋាភិបាលកម្ពុជាពិតជាមិនបានធ្វើឲ្យប្រសើរឡើងខាងផ្នែកលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យមែននោះ។
ស្ថិតក្នុងសម្ពាធបែបនេះ តើមានសេណារីយ៉ូនយោបាយអ្វីខ្លះដើម្បីទប់ស្កាត់កុំឲ្យអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ?
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប បានភ្ជាប់ទៅនឹងលក្ខខណ្ឌគោរពសិទ្ធិការងារ លើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្រោយពីកម្ពុជាបានចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថា គោលនយោបាយរបស់ខ្លួនដើរលើគន្លងប្រជាធិបតេយ្យ។
លោក មឿន តុលា វិភាគថា សេណារីយ៉ូដែលបក្សកាន់អំណាច អាចទប់ស្កាត់សហភាពអឺរ៉ុប កុំឲ្យកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ លុះណាតែបក្សកាន់អំណាចធ្វើឲ្យប្រទេសលោកសេរីជឿថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាបច្ចុប្បន្ន កំពុងដើរលើគន្លងប្រជាធិបតេយ្យពិប្រាកដ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា
បើតាមលោក មឿន តុលា បើរដ្ឋាភិបាលបណ្តែតបណ្តោយឲ្យប្រព័ន្ធអនុគ្រោះពន្ធនេះ បាត់បង់ទៅវិញ វិស័យកាត់ដេរនឹងរងគ្រោះធ្ងន់ធ្ងរមុនគេ ធ្វើឲ្យប៉ះពាល់ដល់កម្មករជាង ១លាននាក់ ប្រឈមនឹងអត់ការងារធ្វើ ហើយទីបំផុតនឹងជំរុញឲ្យមានចំណាកស្រុកយ៉ាងគំហុក។
របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅ បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ៥ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុបភាគច្រើន គឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប បានផ្តល់ឱកាសឲ្យអ្នកវិនិយោគនៅកម្ពុជា ពិសេសវិស័យកាត់ដេរ អាចមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ មួយវិញទៀតលោកថា ប្រព័ន្ធអនុគ្រោះពន្ធនេះ បានជំរុញដល់អត្រាកំណើតសេដ្ឋកិច្ចរាប់រយលានដុល្លារក្នុងមួយឆ្នាំផងដែរ។
លោក មាន នី វិភាគថា គន្លឺះនៃការទប់ស្កាត់កុំឲ្យថវិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ បានពីប្រព័ន្ធអនុគ្រោះពន្ធនេះ បាត់បង់ទៅវិញ រដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ ពីការគោរពរដ្ឋធម្មនុញ្ញ ជំរុញឲ្យមានលំហរសេរីភាពបញ្ចេញមតិ លើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិធ្វើនយោបាយពិតប្រាកដមួយ អាចទទួលយកបានទាំងសហគមន៍ជាតិ និងអន្តរជាតិជាតិ ចៀសវាងបង្កើតប្រព័ន្ធប្រជាធិបតេយ្យមួយ ទទួលស្គាល់ត្រឹមតែពីមន្ត្រីរដ្ឋាភិបាលនោះ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រាប់នាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០១៦កន្លងមក កម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុបនេះ។
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងដែរថា ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ បានផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកថា ដើម្បីកុំឲ្យប្រព័ន្ធអនុគ្រោះពន្ធនេះបាត់បង់ទៅវិញ រដ្ឋាភិបាលត្រូវស្ដារស្ថានការណ៍នយោបាយ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ម្ចាស់ជំនួយ និងប្រទេសដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកថា៖ «អ្វីដែលទាក់ទាញអឺរ៉ុបនោះ គឺគ្មានអីក្រៅពីលំហរសេរីភាព ប្រជាធិបតេយ្យនៅកម្ពុជាទេ។ ប្រសិនបើយើងធ្វើឲ្យគេទទួលស្គាល់ គេឲ្យតម្លៃថា យន្តការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមអាមេរិក និងអឺរ៉ុបចង់បាន ប្រហែលជាគេមិនផ្តាច់ទេ ប៉ុន្តែ បើខុសគោលការណ៍ហ្នឹង ខ្ញុំគិតថា ប្រហែលជាគេមានវិធានការហើយ»។
សរុបសេចក្តីទៅ បើទោះបីអ្នកវិភាគយល់ថា សេណារីយ៉ូសំខាន់ ដើម្បីទប់ស្កាត់កុំឲ្យសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ គឺត្រូវត្រឡប់ថយក្រោយ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញក៏ដោយ ប៉ុន្តែ ពួកគេថា បក្សកាន់អំណាចពេលនេះ ហាក់មិនអាចត្រឡប់ថយក្រោយបានទេ ទោះដឹងថា ប្រព័ន្ធបោះឆ្នោតបច្ចុប្បន្នកំពុងជំរុញកម្ពុជា ឲ្យប្រឈមទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីក្រុមប្រទេសលោកសេរីក៏ដោយ៕