នគរបាល បានអះអាងថា កម្មករជិត ៣០០នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ បានដួលសន្លាប់ ក្រោយពេលពួកគេឃើញកម្មករម្នាក់រងរបួសដៃពេលកំពុងបំពេញការងារ។
អធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា ប្រាប់វីអូឌីថា កម្មករ ២៧៣នាក់ ដែលបម្រើការងារនៅរោងចក្រ ប៉ុន តឹសហ្វូតវែរ ស្ថិតក្នុងឃុំតាភេម បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃនេះ។
មន្ត្រីនគរបាលរូបនេះ បានឲ្យដឹងបន្ថែមថា កម្មការិនីទាំងនោះ បានដួលសន្លប់ក្នុងចំនួនច្រើនបែបនេះ បន្ទាប់ពីពួកគេបានឃើញកម្មការិនីម្នាក់ រងរបួសលើចុងម្រាមដៃ ហើយហូរឈាមខ្លាំង និងស្រែកខ្លាំងៗ។
លោកបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយ ប.ស. ស សាខាខេត្តតាកែវ និងមន្ទីរការងារខេត្ត បញ្ជូនកម្មករទាំងនោះទៅដាក់សេរ៉ូម និងព្យាបាលតាមមន្ទីពេទ្យនានានៅជិតនោះអស់ហើយ។
សហជីពធ្លាប់លើកឡើងថា តាមការស្រាវជ្រាវកម្មករដួលសន្លប់ គឺដោយសារតែបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការហួសកំលាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។
របាយការណ៍បេឡាជាតិរបបសន្តិសុខសង្គមឆ្នាំ២០១៧ បង្ហាញថា កម្មការិនី ១១៦០នាក់ បានដួលសន្លប់កាលពីឆ្នាំ២០១៧ ដោយថា ចំនួននេះបានធ្លាក់ចុះបើធៀបនឹងតួលេខឆ្នាំ២០១៦ ដែលមានកម្មការិនីដល់ទៅ ១៦០៣នាក់បានដួលសន្លប់។
របាយការណ៍ដដែលនេះបញ្ជាក់ថា ការដួលសន្លប់របស់កម្មការិនី បណ្ដាលមកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ៕