ក្រុមអ្នកមានជម្លោះដីធ្លីអតីតតំបន់បឹងកក់ និងបុរីកីឡាជាច្រើនគ្រួសារម្សិលមិញនេះ បានចេញតវ៉ាជាថ្មី ដើម្បីជំរុញឲ្យមានដំណោះស្រាយសមស្រប ខណៈដែលគណបក្សកាន់អំណាច និងគណបក្សនយោបាយផ្សេងទៀតកំពុងឃោសនារកសំឡេងឆ្នោត។
នៅព្រឹកថ្ងៃសុក្រម្សិលមិញ ប្រជាពលរដ្ឋអតីតតំបន់បឹងកក់ និងបុរីកីឡាប្រមាណ ៤០គ្រួសារ បាននាំគ្នាតវ៉ានៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីសុំឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ ដោយអ្នកខ្លះថា មិនទាន់ទទួលបានប្រាក់សំណងសោះ និងខ្លះទៀត មកតវ៉ាដើម្បី សុំប្រាក់សំណងបន្ថែម។
នៅអំឡុងពេលតវ៉ានេះ សន្ដិសុខខណ្ឌ ៧មករា បានរារាំងក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីទាំងនេះ មិនឲ្យចេញទៅតវ៉ានៅកន្លែងផ្សេងទេ ដោយបារម្ភពីការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងការកកស្ទះចរាចរណ៍។
ពលរដ្ឋម្នាក់មកពីអតីតតំបន់បឹងកក់ អ្នកស្រី សាត ផា ឲ្យដឹងថា មូលហេតុដែលអ្នកស្រីមកតវ៉ាជាថ្មីនេះ គឺដើម្បីទាមទារប្រាក់សំណងបន្ថែម ដោយថា អ្នកស្រីជួបបញ្ហាជីវភាពខ្លាំង ក្រោយពីមានការបណ្ដេញដោយបង្ខំ និងមិនទាន់មានដំណោះស្រាយណាមួយសមស្រប។
ពលរដ្ឋម្នាក់មកពីអតីតតំបន់បឹងកក់ អ្នកស្រី សាត ផា
ពលរដ្ឋម្នាក់ទៀត ដែលមានជម្លោះដីធ្លីនៅតំបន់បុរីកីឡា អ្នកស្រី ភោគ សុភីន ប្រាប់ VOD ថា អ្នកស្រីមិនទាន់បានទទួលប្រាក់សំណងណាមួយឡើយ បន្ទាប់ពីក្រុមហ៊ុនផានអ៊ីមិចឈូសឆាយផ្ទះគាត់មួយខ្នង កាលពីឆ្នាំ២០១២។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិ បាលជួយដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រាំរ៉ៃនេះ ខណៈការបោះឆ្នោតក៏កាន់តែខិតចូលមកដល់។
ពលរដ្ឋម្នាក់ទៀត ដែលមានជម្លោះដីធ្លីនៅតំបន់បុរីកីឡា អ្នកស្រី ភោគ សុភីន
អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង ដែលចុះមកទទួលញត្តិពីប្រជាពលរដ្ឋ ថ្លែងថា លោកនឹងសុំកិច្ចអន្ដរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដោះស្រាយចំពោះករណីនេះ។
អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១ ៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន។
ដោយឡែក កាលពីឆ្នាំ២០១១ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដោយបានកាត់ដីចំនួន ១២.៤៤ ហិចតា ឲ្យប្រជាពលរដ្ឋជាង៧០០គ្រួសារ នៅតំបន់បឹងកក់។ ប៉ុន្តែអ្នកបឹងកក់ថា ជិត ៧ឆ្នាំនៅតែមិនទាន់មានដំណោះស្រាយ។
ប៉ុន្ដែ ក្នុងវេទិកាមួយកាលពីថ្ងៃទី២២សីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យអភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ឲ្យអស់ ខណៈបច្ចុប្បន្នតំណាងអ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ជាង១៦០គ្រួសារនៅតែអះអាងថា ពួកគេមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៕