នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបានក្រើនរំឭកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតនានា ខណៈខេត្តមួយចំនួនកំពុងទទួលរងគ្រោះទឹកជំនន់ និងខ្យល់បក់បោកខ្លាំង។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានណែនាំឲ្យប្រជាពលរដ្ឋ តាមដានពីស្ថានភាពទឹកជំនន់ ស្វែងរកទីទួលមានសុវត្ថិភាព ប្រយ័ត្នសត្វកាចសាហាវ ផ្ដាច់ចរន្ដអគ្គិសនី និងការពារកុំឲ្យឆក់ ប្រើប្រាស់ទឹកស្អាត និងចំណីអាហារត្រឹមត្រូវតាមក្បួនអនាម័យ។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងក៏ក្រើនរំឭកឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរចំពោះជំងឺឆ្លងមួយចំនួន ដូចជា ជំងឺរាក ជំងឺគ្រុនពោះវៀន និងអាសន្នរោគ ជំងឺរលាកថ្លើមប្រភេទ A ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ផ្ដាសាយធំ និងរមាស់ស្បែកជាដើម។
ការអំពាវនាវរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនេះ គឺស្របពេលដែលបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កំពុងជួបគ្រោះទឹកជំនន់ និងភ្លៀងខ្លាំង ដូចជានៅខេត្តព្រះសីហនុ ប៉ៃលិន បាត់ដំបង កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ៕