ស៊ើបអង្កេត៖ កុមារត្រូវបានគេបង្ខំឲ្យលក់ដូរពេលរាត្រី

កុមារដែលត្រូវបានបង្ខំឲ្យដើរលក់ដូរនាពេលរាត្រី

ភ្នំពេញៈ នៅក្នុង​ហាង​ផឹកស៊ីមួយកន្លែងស្ថិត​នៅ​ក្នុង​សង្កាត់​ទួលស្វាយព្រៃ រាជធានីភ្នំពេញ កុមារា វណ្ណ​​សាក់ អាយុ១៣ឆ្នាំ ​ដែល​​បានចាក​ចេញពីស្រុកកំណើតរបស់​ខ្លួន​នៅ​ក្នុង​ខេត្តព្រៃវែង មក​ប្រកប​ជា​អ្នក​ដើរ​លក់ម្ជូរ និងផ្លែឈើផ្សេងៗនៅភ្នំពេញក្នុងពេល​ពេលរាត្រី ដែល​អង្គការ​​​ក្រៅរដ្ឋាភិបាល​បាន​រក​ឃើញ​ថា​ កុមារ​ទាំងនោះ ត្រូវ​បាន​គេបង្ខំ​ឲ្យ​លក់​ដូរ ជាថ្នូរនឹងការទទួល​​បាន​អាហារមួយពេល​​។

កុមារា វណ្ណសាក់ បាន​មក​រាជ​ធានី​ភ្នំពេញតាំងពីពាក់កណ្តាលឆ្នាំ២០១៦ ដោយ​​ពុំមាន​ឱកាសចូល​រៀនដូច​កុមារដទៃ​នោះទេ។ ក្នុងទឹកមុខស្លេកស្លាំងមានស្នាមរបួសលើត្របកភ្នែកខាងឆ្វេង និងរបួសសាច់ដុំដៃខាងស្តាំ បានលើកកញ្ច្រែង​ម្ជូរដើរចេញ បាន​ព្យា​យាម​លាក់បាំង​ព័ត៌មានលំអិត​អំពីជីវប្រវត្តិរបស់​ខ្លួន។ ខណៈមានបុរសវ័យប្រហែល៣០ឆ្នាំម្នាក់ចូលមកហៅ មុន​ពេលឡើងជិះ​ម៉ូតូ​ចេញទៅក្រៅ។ កុមារា វណ្ណ សាក់ បាន​និយាយថា ៖«ខ្ញុំនៅច្បារអំពៅ»

នៅសួនច្បារមុខ ណាហ្គាវើល កុមារី រីណា ដើរលក់ពងមាន់ សណ្តែកដី និងស្ករកៅស៊ូនិយាយ​ ថាក្នុង១យប់ម្តាយនាងតម្រូវ លក់ឲ្យបានលុយពី៨ទៅ១០ម៉ឺនរៀល បើលក់មិនបានទេឪពុកម្តាយនាងនឹងស្តីបន្ទោស ឬតម្រូវឲ្យលក់រហូតយប់ជ្រៅ។

ក្រោមដំណក់ភ្លៀងស្រិចៗងាកឆ្វេងស្តាំដោយមិនចង់ឆ្លើយប្រាប់ព័ត៌មាន​លំអិត​ កុមារីវ័យ ១២​ឆ្នាំ​រូបនេះ និយាយថា

ខ្ញុំអត់លក់ គាត់វាយ ពេលលក់បាត់លុយក៏គាត់វាយ គាត់ថាខ្ញុំយក ឬអាប់ឲ្យគេខុសអី ។ ខ្ញុំ​មិនចង់ដើរលក់ទាំងយប់ និង​ហាលភ្លៀងហាលផ្គរបែបនេះទេ ប៉ុន្តែត្រូវឪពុកម្តាយបង្ខំ

កុមារី រីណា ដើរលក់ពងមាន់ សណ្តែកដី និងស្ករកៅស៊ូ នៅសួនច្បារមុខ ណាហ្គាវើល

ចំណែក​ឯ សុខ រឿន ក៏​ជា​អ្នក​​មានស្រុកកំណើតនៅខេត្តព្រៃវែង និង​ប្រកប​រប​រ​ជា​ដើរលក់ផ្លែ​ឈើ​នៅ​ក្នុង​ពេល​រាត្រី​ដែរ​នោះ​ បានប្រាប់វីអូឌីកន្លែងសួនកំសាន្តកោះពេជ្រ ថារូបគេនិងប្អូនប្រុសអាយុ១២ឆ្នាំ បានមកតាមគ្រួសាររស់នៅភ្នំពេញជិត២ឆ្នាំហើយដោយសព្វថ្ងៃស្នាក់នៅក្នុងខណ្ឌច្បារអំពៅ។

កំពុងនិយាយចរចាតម្លៃបណ្តើរ និងនិយាយប្រាប់រឿងរ៉ាវរបស់ខ្លួនបណ្តើរកុមារា សុខរឿន អះអាងថា រូបគេនិងប្អូនប្រុសពេលថ្ងៃរៀននៅសាលាបឋមកសិក្សារមួយនៅខណ្ឌច្បារអំពៅ ខណៈពេលយប់ដើរលក់ម្ជូរ រួមទាំងផ្លែឈើផ្សេងៗតាមសួនកំសាន្តនានាក្នុងរាជធានីភ្នំពេញ។

កុមារវ័យ១៤រូបនេះ មានគ្នាប្រហែល១០ទៅ ២០នាក់ស្នាក់នៅជុំគ្នាក្នុងខណ្ឌច្បារអំពៅ ដោយ​មានការបែងចែកឲ្យក្រុមខ្លះទៅលក់តាមហាង និងក្រុមខ្លះទៀតដើរលក់តាមសួនច្បារ។ ប្រសិន​​បើពួក​គេ​មិនដើរលក់បែបនេះទេ ឪពុកម្តាយនឹងវាយធ្វើបាបពួកគេ។

គ្នាខ្ញុំច្រើនណាស់​ ប្រមូលជុំគ្នាជាង២០នាក់ អ្នកខ្លះលក់នៅមុខ​ ណាហ្គាវើល អ្នកខ្លះលក់តាមម្តុំវត្តភ្នំ អ្នកខ្លះទៅលក់នៅចោមចៅ

កុមារា សុខ រឿនប្រកប​រប​រ​ជា​ដើរលក់ផ្លែ​ឈើ​នៅ​ក្នុង​ពេល​រាត្រី​

តាមការចុះឃ្លាំមើលផ្ទាល់របស់ក្រុមការងារវីអូឌី បាន​សង្កេតឃើញថា ក្រុមកុមារដែលដើរលក់ពេលរាត្រីនេះ គឺមានអ្នកឌុបយកទៅដាក់ និងដឹកត្រឡប់ពីកន្លែងលក់នោះវិញ។ ហើយអ្នកឌុប​នោះក៏ចាំឃ្លាំមើលការលក់ដូររបស់កុមារទាំងនោះដែរ។ កុមារទាំងអស់​មាន​ការប្រយ័ត្ន​​ប្រយែង​ក្នុងការ​ឆ្លើយដោយ​មិនប្រាប់ផ្ទះ ឬកន្លែងដែលពួកគេកំពុងស្នាក់នៅ ហើយពេលសួរនាំច្រើនពួកគេមិនឆ្លើយ និងព្យាយាមដើរចេញ។

ក្រុមកុមារលក់តាមសួនម្តុំណាហ្គាវើល និងកោះពេជ្រ គឺមានមនុស្សចាស់មួយក្រុមនៅជុំគ្នាក្បែរ​គល់ស្ពានកោះពេជ្រ ចាំបែងចែកទំនិញទៅឲ្យក្មេងៗលក់ និងដឹកកេ្មងៗទាំងនោះ ទៅកន្លែង​ស្នាក់នៅក្នុងខណ្ឌច្បារអំពៅវិញ ចម្លោះម៉ោង២ទៅ៣យប់។

ស្រ្តីវ័យចំណាស់ម្នាក់ក្នុងចំណោមក្រុមមនុស្សចាស់ផ្សេងទៀត ដែលចាំចែកទំនិញទៅឲ្យក្រុមកុមារលក់នៅក្បែរស្ពានកោះពេជ្រ បាននិយាយដោយសូម​មិនបញ្ចេញ​ឈ្មោះ​ ខណៈមនុស្សចាស់​ផ្សេងទៀតដើរគេចចេញមិនព្រមឆ្លើយ នៅ​ពេល​សួរនាំជុំវិញការលក់ដូររបស់ក្មេងទាំងនោះថា ក្មេងៗទាំងនោះជាកូន និងក្មួយៗរបស់គាត់។ ពួក​គេ​បាន​ទៅរៀនរាល់ថ្ងៃ ។

ចំណែក​ឯ​អ្នកលក់ដូរតាមរ៉ឺម៉កនៅក្បែរស្ពានកោះពេជ្រ អ្នកស្រី សរ ម៉ៃ បានថ្លែងថា ក្មេងៗដើរ​លក់ដូរពេលរាត្រីទាំងនោះ គឺឪពុកម្តាយជាអ្នក​បញ្ជា និងចាំឃ្លាំមើល។ ក្មេងៗទាំងនោះតែងតែរងហិង្សាពីឪពុកម្តាយ ប្រសិនបើពួកគេលក់មិនដាច ឬមិនខិតខំដើរលក់។

វាមានម៉ែឪវាមកតាម ម៉ែឪខ្លះកូនលក់បានអញ្ចឹងនាំគ្នាផឹកស៊ីលេងល្បែង លេងបៀរ ដល់ពេលល្ងាចឡើងមកអង្គុយចាំកូនឲ្យកូនដើរលក់ បើលក់មិនដាច់ជេរ វាយ ដល់អញ្ចឹងរឿងអីវាមិនប្រឹង លក់មិនដាច់ម៉ែវាវាយ

អ្នកលក់ដូរតាមរ៉ឺម៉កនៅក្បែរស្ពានកោះពេជ្រ អ្នកស្រី សរ ម៉ៃ

អគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានថ្លែងថា​ តាមការ ស្រាវជ្រាវកុមារដែលលក់ដូរពេលរាត្រីមួយចំនួនគឺ មានមេខ្យល់ជាអ្នកចាត់តាំង និងបង្ខំឲ្យដើរលក់បែបនេះ។ លោកថា កន្លងមកក្រសួងសង្គមកិច្ចធ្លាប់សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅចាប់មេខ្លោងចំនួនពីរនាក់ហើយបញ្ជូនតុលាការ។

អ្នកនាំពាក្យរូបនេះបន្តថា ពេលនេះក្រសួងក៏កំពុងស្រាវជ្រាវស្វែងរកមេខ្លោងថ្មីៗទៀតដើម្បីចាត់វិធានការ និងជួយសង្គ្រោះដល់ក្មេងៗទាំងនោះឲ្យបានរៀនសូត្រ និងរួចផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

កន្លងមកយើងធ្លាប់ចាប់បានមេខ្យល់ខ្លះដែរប៉ុន្តែវាមិនចេះអស់ទេ។ រឿងហ្នឹងកុមារដើរលក់ដូរពេលយប់ហ្នឹងវាសុទ្ធតែមានការរៀបចំ វាហៅក្មេងៗតាមភូមិនានាមក ហើយឲ្យដើរលក់ យើងមើលពេលយប់នៅតាមហាងយើងឃើញមេខ្យល់វាដឹកយកមកដាក់ចោល ឲ្យវាដើរចូលមកលក់មានពង ពងគ្រួច និងរបស់ផ្សេងទៀត។ ការពិតសុទ្ធតែរៀបចំមិនក្មេងសុខចិត្តមកលក់ផ្ទាល់ខ្លួនឯងទេ។ ហើយកន្លងមកយើងធ្លាប់បង្ក្រាបបានច្រើនដែរករណីហ្នឹង។ ក្រសួងដាច់ខាតមិនអនុញ្ញាតធ្វើអញ្ចឹងទេ។

អគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី

ក្រុមអង្គការដែលធ្វើការការពារសិទ្ធិ ប្រឆាំងការជួញដូរ និងប្រឆាំងការប្រើប្រាស់ពលកម្មកុមារ​បានលើកឡើងប្រហាក់ហែលគ្នាថា ក្នុងចំណោមកុមារដែលដើរលក់​ដូរពេលរាត្រី និងលក់ដូរ​តាមដងផ្លូវនោះ មានកុមារខ្លះត្រូវឪពុកម្តាយបង្ខំឲ្យដើរលក់ និងកុមារមួយចំនួនទៀតអាចមាន​មេខ្យល់ជាអ្នកបង្ខំឲ្យដើរលក់។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ​Aide et Action (AEA) លោក​ វន សំភាស់ មានប្រសាសន៍ថា បើតាមការសង្កេតផ្ទាល់​របស់លោក​ គឺ​រាល់ថ្ងៃគឺមានកុមារដើរលក់ពេលរាត្រី និងលក់នៅតាមស្តុបជាច្រើនដោយកុមារទាំងនោះមិន​បានរៀនសូត្រនោះ។

លោក វន សំភាស់ បន្តថា សកម្មភាពប្រើប្រាស់ក្មេងឲ្យលក់ដូរពេលរាត្រី និងតាមស្តុបនេះ គឺបានធ្វើឲ្យប៉ះពលដល់សិទ្ធិ ការសិក្សាររៀនសូត្រ ការលូតលាស់ និងសតិអារម្មណ៍របស់កុមារ។

ក្នុងអាយុរបស់គាត់ប៉ុណ្ណឹងគឺ គាត់ត្រូវទទួលបានការថែទាំ គេង​សម្រាកគ្រប់គ្រាន ទទួលបានអាហារគ្រប់គ្រាន់ ជាពិសេសការអប់រំ។ អញ្ចឹងក្នុងរូបភាពនេះគឺប៉ះពាល់ទាំងសិទ្ធិ ប៉ះពាល់ទាំងការលូតលាស់ សតិបញ្ញា។ ការរៀនសូត្រក៏ប៉ះពាល់ខ្លាំងដែរ ព្រោះគាត់ធ្វើការពេលយប់វាប៉ះពាល់ពីលទ្ធិផលដែលគាត់ទៅរៀនហ្នឹងហើយ។ ហើយវាអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដោយសារ​កន្លែង​ដែលពួកគេរកស៊ីពេលយប់មួយចំនួនវាអត់មានសុវត្ថិភាពទេ។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ​Aide et Action (AEA) លោក​ វន សំភាស់

អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិបានចែងថា កុមារត្រូវទទួលបានសិទ្ធការពារ ប្រឆាំងនឹងការកេងប្រវ័ញ្ច ផ្នែកសេដ្ឋកិច្ច និងការឲ្យធ្វើការងារដែលគ្រោះថ្នាក់ ឬការងារដែលធ្វើប៉ះពាល់ដល់ការសិក្សារៀនសូត្រ ឬធ្វើឲ្យខូចសុខភាព ឬ ការអភិវឌ្ឍខាងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីជាដើម។

មាត្រា១៨ នៃអនុសញ្ញានេះដែរចែងថា ត្រូវចាត់វិធានការសម​ស្របខាងនីតិបញ្ញតិ្ត រដ្ឋបាលសង្គមកិច្ច និងខាងអប់រំដើម្បីការពារ កុមារពីគ្រប់ទម្រង់នៃអំពើហិង្សា ការធ្វើឲ្យរបួស ឬការរំលោភបំពានលើរាងកាយ ផ្លូវចិត្ត ការធ្វើបាប ឬកេងប្រវ័ញ្ចក្នុងអំឡុងពេលដែលកុមារស្ថិតក្រោមការចិញ្ចឹមបីបាច់របស់ឪពុកម្តាយ និងអ្នកផ្សេងដែលមានភារកិច្ចថែទាំកុមារ។

នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី មានប្រសាសន៍ថា តាមរបាយការណ៍ការអង្កេតលើករណីកុមារដែលដើរលក់ដូរពេលរាត្រី និងនៅតាមស្តុបពេលកន្លងមក គឺមានអ្នកបង្ខំកុមារឲ្យធ្វើមុខរបរមួយនេះ ដោយលោកសំអាងថា ប្រសិនមិនមានអ្នកនៅពីក្រោយទេកុមារទាំងនោះមិនទ្រាំមកធ្វើការងារបែបនេះឡើយ។

លោក ង៉ែត ធី បន្តថា ការប្រើប្រាស់កុមារឲ្យដើរលក់តាមស្តុប និងពេលយប់នេះគឺជាទំរង់នៃការប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលតម្រូវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ ផ្តល់មុខរបរដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេរួមទាំងផ្សព្វផ្សាយពីប៉ះពាល់នៃការប្រើប្រាស់ពលកម្មកុមារជាដើម។

ក្នុងច្បាប់ការងាររបស់យើងហ្នឹងកុមារចាប់ពីអាយុ១៥ឆ្នាំដល់១៨ឆ្នាំពួកគេអាចធ្វើការងារបានក្នុងលក្ខខណ្ឌណាមួយសមស្របមិនមានបញ្ហាប្រឈម។ អញ្ចឹងបើគាត់អាយុត្រឹម៨ទៅ៩ឆ្នាំ ​គាត់ដើរលក់ផ្កាឬលក់អីតាមអញ្ចើម ថ្នល់ និងដើរលក់ពេលយប់អត់បានគេង អត់បានរៀនសូត្រ។ អញ្ចឹងវាចូលពលកម្មកុមារហើយ ជាពិសេសមួយទៀតនោះពេលដែលគាត់លក់បានលុយមិនដឹងយកទៅទុកនៅណា មានតែមេខ្យល់ និងអ្នកកាងអីហ្នឹងនៅពីក្រោយ ចាំប្រមូលលុយពីពួកគាត់​ បង្ខំឲ្យគាត់ធ្វើ ព្រោះគាត់ធ្វើការងារហ្នឹងមិនមែនដោយការស្ម័គ្រចិត្តដោយខ្លួនគាត់ទេ

នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី

ក្នុងមាត្រា១៧៧ នៃច្បាប់ស្តីពីការងារចែងថា កុមារដែលមានអាយុចាប់ពី១២ដល់១៨ឆ្នាំអាចអនុញ្ញាតឲ្យធ្វើការងារស្រាលដែល ការងារទាំងនោះមិនបណ្តាលឲ្យខូចសុខភាព ការអភិវឌ្ឍចិត្ត រាងកាយ និងមិនប៉ះពាល់ដល់ការសិក្សាជាទៀងទាត់។

របាយការណ៍របស់អង្គការ យូនីសេហ្វ (UNICEF-មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ) ក្នុង​ឆ្នាំ​២០១១-២០១៥ បង្ហាញថា កុមារកម្ពុជាជាងមួយលានកន្លះ (១.៥លាននាក់) បានប្រឈមនឹងការ​រំលោភ​កម្លាំងពលកម្មធ្ងន់ធ្ងរ។ ក្នុងចំណោម​កុមាទាំងអស់​នោះភាគច្រើនជាកុមារកំព្រា កុមារអនាថា កុមារលក់ដូរតាមដងផ្លូវ ឬកុមារលក់តាមសួន និងតាមហាងនានាក្នុងរាជធានីភ្នំពេញ ហើយកុមារទាំងនោះ ភាគច្រើនបំផុតបានរងនូវការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីឪពុកម្តាយ ភ្ញៀវ និងនិយោជករបស់ពួកគេ។

របាយការណ៍របស់អង្គការ UNICEF នេះដែរចេញផ្សាយឆ្នាំ២០១៧ ដែលចំណងជើងថា «ផលប៉ះពាល់លើកុមារនៃការធ្វើចំណាក់ស្រុក មករាជធានីភ្នំពេញ» បង្ហាញថា កុមារដែលធ្វើចំណាកស្រុក​តាមឪពុកម្តាយមួយភាគធំបានបោះបង់ការសិក្សា គ្មានការការពារ និងរងការកេងប្រវ័ញ្ចពលកម្មដោយសារជីវភាពគ្រួសារក្រីក្រ។

គួរបញ្ជាក់ថា កាលពីខែឧសភា កន្លងមក​ ស្ត្រី​ម្នាក់ឈ្មោះ ភួង ចាន់នី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធធនាគារ៨ឆ្នាំពីបទបង្ខំកុមារ ៧នាក់ ដែលមានអាយុចន្លោះពី៦ខែដល់១២ឆ្នាំ ឲ្យដើរសុំទាននៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។

ស្ដ្រីឈ្មោះ ភួង ចាន់នី បានផ្ដល់ជម្រក និងអាហារដល់កុមារជាថ្នូរនឹងលុយដែលកុមារទាំង​នោះរកបានពីការសុំទានតាមផ្លូវ។ កុមារទាំងអស់ ត្រូវរកប្រាក់ឲ្យបានយ៉ាងតិច២ដុល្លារក្នុងមួយ​ថ្ងៃ បើមិនដូច្នេះទេ នាងនឹងវាយកុមារទាំងនោះដោយខ្សែភ្លើង និងត្រូវបង្ខំឲ្យដេកលើបង់នៅទីសាធារណៈ ខណៈកុមារទាំងនោះ ទទួលបានអាហារតែ១ពេលក្នុងមួយថ្ងៃ ហើយទារកត្រូវ​បានស្ដ្រីនេះចាក់ថ្នាំងងុលដេករៀងរាល់ថ្ងៃទៀតផង។

វីអូឌីបានដាក់លិខិត និងព្យាយាមទូរសព្ទសុំការអធិប្បាយពីប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​អ្នក​ស្រី មុំ ចាន់ដានី ជាច្រើនដងដែរជុំវិញករណីកុមារលក់ដូរពេលរាត្រីនេះ ប៉ុន្តែប្រធានមន្ទីររូបនោះ បានព្យាយាមមិនឆ្លើយជាមួយវីអូឌីនោះទេ បើទោះបីជាអ្នកស្រីមានពេលវេលាគ្រប់គ្រាន់សម្រាប់ឆ្លើយក៏ដោយ។

របាយការណ៍របស់អង្គការ Aide et Action (AEA)ចេញផ្សាយ​ឆ្នាំ២០១៧ បាន​ឲ្យ​ដឹង​ថា​ កុមារ​កម្ពុជា​ជាង​២៥ម៉ឺន​នាក់​បាន​បោះ​បង់​ការ​សិក្សា​របស់​ខ្លួន​នៅ​កម្រិត​បឋម​សិក្សាដើម្បីទៅជួយបំពេញការងារឪពុកម្តាយដោយសារជីវភាពក្រីក្រ ខណៈអង្គការមួយនេះបានជួយ​កុមារ​កម្ពុជា​ក្រីក្រប្រមាណ៦ម៉ឺននាក់ឲ្យ​​ត្រឡប់​ទៅ​សាលា​រៀន​វិញក្នុងរយៈពេល៤​ឆ្នាំ​ចុងក្រោយ​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ