អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី រំឭកឲ្យប្រុងប្រយ័ត្នពីឥទ្ធិពលចិន ខណៈមហាអំណាចកុម្មុយនីស្តមួយនេះ ប្រកាសទទួលស្គាល់ការឈ្នះឆ្នោតដ៏ចម្រូងចម្រាសដែលធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។
ក្រោយបោះឆ្នោតមួយថ្ងៃ គ.ជ.ប បានចេញរបាយការណ៍បឋម បង្ហាញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខគេ ក្នុងចំណោមគណបក្សចំនួន១៩ ដែលបានចូលរួមប្រកួត។
លទ្ធផលបឋមនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសិទនៅទីក្រុងបេកាំង ប្រកាសទទួលស្គាល់ជ័យជម្នះនេះ ដោយលើកឡើងថា ប្រទេសចិនសូមអបអរ បក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកប្រធាន ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោតនេះ។
ជាងនេះទៅទៀតរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី២ខែសីហា ប្រាប់សារព័ត៌មានអន្តរជាតិ នៅកិច្ចប្រជុំរដ្ឋមន្រ្តីការអាស៊ាន នៅប្រទេសសឹង្ហបុរី បានង្ហាញជំហេ កុំឲ្យសហគមន៍អន្តរជាតិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក សម រង្ស៊ី បានថ្លែងតាមវីដេអូឃ្លីប ហៅជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជាទទួលបាននេះថា ជាជ័យជម្នះក្លែងក្លាយ និងបានរំឭកថា របបខ្មែរក្រហមដែលគាំទ្រដោយប្រទេសចិននោះ បានសម្លាប់ពលរដ្ឋស្លូតត្រង់អស់រាប់លាននាក់។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ថ្លែងទៀតថា ការប្រកាសគាំទ្ររបស់មហាអំណាចកុម្មុយនីស្តចិននៅពេលនេះ អាចនឹងរុញកម្ពុជាឲ្យវិលទៅរករបបផ្តាច់ការដូចពីអតីតកាល ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី
ប៉ុន្តែមេដឹកនាំបក្សកាន់អំណាចនិងជាអនាគតនាយករដ្ឋមន្ត្រីនៅអាណត្តិថ្មីនេះទៀតនោះ លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករកាលពីម្សិលមិញ បានអះអាងថា ការបោះឆ្នោតពេលនេះ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានក្រើនរំឭកមន្ត្រី ឲ្យបង្កើតការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយចាត់ខ្លួនជាអ្នកបម្រើពលរដ្ឋ តាមគោលការណ៍ប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អ្នកជំនាញគោលនយោបាយនិងកិច្ចការពិភពលោលក លោក បណ្ឌិត អៀ សុផល លើកឡើងថា ទំនាក់ទំនងដែលកម្ពុជាមានជាមួយចិនក្នុងរយៈពេល៦០ឆ្នាំមកនេះ បានផ្ដល់ទាំងរឿងល្អនិងរឿងជូរចត់សម្រាប់កម្ពុជា។
សាស្រ្តាចារ្យរូបនេះបន្ថែមថា វាប្រាកដណាស់ដែលចិនពិតជាបានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ននានា និងផ្តល់ប្រាក់កម្ចី ប៉ុន្តែលោកក៏បង្ហាញក្តីព្រួយបារម្ភផងដែរថា ប្រាក់កម្ចី និងជំនួយពីចិនច្រើនលើសលុប លោកថាអាចជាគ្រោះថ្នាក់សម្រាប់កម្ពុជា។
កម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ៕