រដ្ឋាភិបាលណែនាំមន្ត្រីពន្លឿនផ្តល់សេវារដ្ឋបាលឲ្យពលរដ្ឋ

ស្លាកច្រកចេញចូលតែមួយ

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនគ្រប់រាជធានី ខេត្តដាក់ឲ្យដំណើរការបន្ថែម​នូវអង្គភាពច្រក​ចេញ​ចូលតែមួយ ដោយថាដើម្បីធានានិរន្តរភាព​ផ្ដល់សេវារដ្ឋបាលជូន​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អ។

នេះបើតាម​​លិខិតមួយរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ០២ ខែ សីហា​ ផ្ញើទៅកាន់អភិបាលនៃ​គណៈអភិ​   បាលរាជធានី ខេត្ត ស្ដីពី  ការណែនាំបន្ថែមអំពីការដាក់ឲ្យដំណើរ​ការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ​។

ក្នុងលិខិតដដែលនោះក្រសួងមហាផ្ទៃបន្តថា រដ្ឋបាលរាជធានី ខេត្ត ដែលមិនទាន់បានរៀបចំទីតាំង និងបំពាក់សម្ភារ សម្រាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ​ប្រជាពលរដ្ឋ ​ត្រូវពន្លឿនសហការណែនាំដល់​មន្ទីរ និងស្ថាប័នពាក់ព័ន្ធ​ធ្វើ​ការមួយចំនួនដែលមានប្រភេទសេវាផ្តល់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬប្រភេទសេវាដែលមានលក្ខណៈស្មុគស្មាញ ដែលមិនអាចផ្ទេរមក​ផ្តល់​សេវាទាំងនោះជាបណ្តោះអាសន្ន ក្នុងគោលបំណង​ធានានិរន្តរភាពនៃការផ្តល់សេវាផង និងធានាឲ្យមានការចាប់ផ្តើមដំណើរការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយផង​។

ផ្ទុយទៅវិញ បើពុំអាចកំណត់នូវ​របៀបនៃការផ្តល់សេវាទាំងនោះបានទេ រដ្ឋបាលរាជធានី ខេត្តអាចអនុញាតឲ្យមន្ទីរ និងអង្គភាពជំនាញបន្តផ្តល់សេវាទាំងនោះនៅតាមមន្ទីរ និងអង្គភាពជំនាញជាបណ្តោះអាសន្ន​សិន​ និងត្រូវ​ខិតខំសម្របសម្រួល ដើម្បីផ្ទេរការផ្តល់សេវា​ទាំងនោះមក​អង្គភាពច្រកចេញចូលតែមួយឲ្យបានឆាប់បំផុត។

លើសពីនេះទៀត ក្រសួងមហាផ្ទៃអះអាងថា នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការផ្តល់សេវា និងគំរូអាជ្ញាប័ណ្ណ ឬប័ណ្ណអនុញាតមួយចំនួនដែលគ្រប់គ្រងដោយក្រសួង ស្ថាប័នទាំងនោះ ដើម្បីផ្ទេរការផ្តល់សេវាទាំងស្រុងមក​ឲ្យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឲ្យបានឆាប់ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ