ជាទូទៅអ្នកធ្វើនយោបាយដែលមិនទាន់មានអំណាច តែងតែចង់ឡើងទៅកាន់អំណាច ចំណែកអ្នកកំពុងកាន់អំណាច តែងតែចង់បន្តគ្រប់គ្រងអំណាចតទៅទៀត។
អ្នកនយោបាយខ្មែរកាលពីអតីតកាល បានកៀរគរពលរដ្ឋឲ្យចូលក្រុមរៀងៗខ្លួន កាប់សម្លាប់ខ្មែរគ្នាឯង ដើម្បីតែអំណាច រហូតបានរុញប្រទេសជាតិឲ្យធ្លាក់ក្នុងសោកនាដកម្មជាច្រើន។
ប៉ុន្តែសង្គ្រាមបង្ហូរឈាមគ្នាច្រើនឆ្នាំមកនេះ បានបិទបញ្ចប់ទៅវិញ ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងនេះមានប្រទេសហត្ថលេខីចំនួន ១៨។ ក្រោយពីមានកិច្ចព្រមព្រៀងនេះ រដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឲ្យអ្នកនយោបាយខ្មែរ ធ្វើការប្រកួតប្រជែងអំណាចគ្នា តាមរយៈបោះឆ្នោត៥ឆ្នាំម្តង ដែលការបោះឆ្នោតនេះត្រូវតែធានាឲ្យបាននូវលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បើយើងងាកមកមើលការបោះឆ្នោតនៅអាណត្តិថ្មីនេះ បញ្ហាចម្រូងចម្រាសហាក់បានជំរុញកម្ពុជាដល់ ចំណុចគួរឲ្យព្រួយបារម្ភមួយ ពីចរន្តបែកបាក់ជាតិ និងការគំរាមកំហែងផ្នែកពាណិជ្ជកម្មពីប្រទេសលោកសេរី។
សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាលឺមង់ សហភាពអឺរ៉ុប និងជប៉ុនជាដើម បានបង្ហាញជំហរ មិនគាំទ្រការបោះឆ្នោតនេះ និងជំរុញឲ្យដោះលែង លោក កឹម សុខា និងចរចាជាមួយអតីតបក្សប្រឆាំង ដើម្បីស្តារស្ថានការណ៍នយោបាយនិងប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ ។
ប៉ុន្តែប្រទេសសង្គមនិយមមួយចំនួន ដូចជា ចិន ឡាវ និង វៀតណាម ជាដើមបានប្រកាសគាំទ្រការបោះឆ្នោតនេះ ថាបានដំណើរការទៅ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ជ្រុងមួយទៀតនៃបញ្ហាសង្គមបានកើតឡើងជាមួយសហគមន៍អន្តរជាតិ បើប្រទេសលោកសេរីមិនទទួលស្គាល់ រដ្ឋាភិបាលថ្មី កើតក្រោយការបោះឆ្នោត ក្រោយពីបញ្ហាផ្ទៃក្នុងបានកើតឡើងក្រោយរំលាយអតីតបក្សប្រឆាំង។ បញ្ហាថ្មីនេះក៏នឹងជំរុញឲ្យអ្នកនយោបាយពិចារណាដែរថា តើវិធានការដាក់ទណ្ឌកម្ម របស់ប្រទេសលោកសេរី មកលើកម្ពុជា អាចនឹងកើតឡើងឬក៏យ៉ាងណា? ដើម្បីបញ្ជៀសហានិភ័យនេះ តើអ្នកនយោបាយខ្មែរគួរចាំបាត់ត្រូវជួបនិយាយគ្នា ដើម្បីស្វែងរកដំណោះស្រាយនយោបាយឬទេ?
អ្នកវិភាគនយោបាយ យល់ឃើញផ្សេងគ្នា ពីរបត់នយោបាយទៅថ្ងៃអានាគតក្រោមសម្ពាធនៃប្រទេសលោកសេរី។
អ្នកវិភាគនយាបាយលោក ឯម សុវណ្ណារ៉ា វិភាគថា ការដែលមហាអំណាចលោកសេរី មានសហរដ្ឋអាមេរិក បារាំង ជប៉ុន និងសហភាពអឺរ៉ុបជាដើម បង្ហាញជំហរមិនគាំទ្រការបោះឆ្នោត ពួកគេអាចនឹងប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលថ្មី បើបក្សកាន់អំណាចមិនធ្វើឲ្យបរិយាកាសនយោបាយវិលទៅរកប្រជាធិបតេយ្យដូចដែលក្រុមប្រទេសលោកខាងលិចចង់បាននោះ។
អ្នកវិភាគនយោបាយរូបនេះ យល់ថា បើប្រទេសលោកខាងលិច មិនទទួលស្គាល់ រដ្ឋាភិបាលថ្មី ថាជារដ្ឋាភិបាលស្របច្បាប់ រដ្ឋាភិបាលថ្មីនេះ នឹងជួបបញ្ហាផ្នែកសេដ្ឋកិច្ច។
អ្នកវិភាគនយាបាយលោក ឯម សុវណ្ណារ៉ា
លោក ឯម សុវណ្ណារ៉ា បន្តថារដ្ឋាភិបាលបច្ចុប្បន្នត្រូវការប្រាក់កម្ចីពីបរទេសប្រមាណជា១ពាន់លានដុល្លារ ក្នុង១ឆ្នំា ដើម្បីយកមកបង្គ្រប់តម្រូវការរបស់ខ្លួន ។
អ្នកវិភាគរូបនេះ យល់ថា បើប្លុកលោកសេរី មិនទទួលស្គាល់រដ្ឋាភិបាលថ្មី សហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធទៀត រដ្ឋាភិបាលនឹងប្រឈមបញ្ហាធ្ងន់ធ្ងរ។ លោកវិភាគថា ដើម្បីគេចចេញពីវិបត្តសេដ្ឋកិច្ចនេះ មានតែអ្នកនយោបាយជួបពិភាក្សាគ្នាឡើងវិញ ស្វែងរកដំណោះស្រាយនយោបាយនោះទេ។
អ្នកវិភាគនយាបាយលោក ឯម សុវណ្ណារ៉ា
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ធ្លាប់ប្រាប់ VOD ថា ការនាំផលិតផលទៅលក់នៅទីផ្សាអឺរ៉ុប បានជួយជំរុញដល់អត្រាកំណើនសេដ្ឋកិច្ចប្រមាណជា៤០%។ លោកបានបង្ហាញការព្រួយបារម្ភដែរថា បើប្រព័ន្ធអនុគ្រោះនេះត្រូវកាត់ផ្តាច់ពីសហភាពអឺរ៉ុបមែន កម្មករជាង៨០ម៉ឺននាក់ប្រឈមនឹងអត់ការងារធ្វើ និងបានជំរុញឲ្យអ្នកវិនិយោគក្នុងវិស័យកាត់ដេរ ខ្វះលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា វិធានការនានារបស់ប្រទេសលោកសេរី អាចនឹងកើតមានលើរដ្ឋាភិបាលថ្មី និងថាអាចប្រសិទ្ធិភាពជាងមុន ដោយថា ពេលនេះជាបទពិសោធន៍គេមិនដាក់ទូទៅទេ គេផ្តោតតែលើមនុស្សសំខាន់ៗ ក្នុងជួររដ្ឋាភិបាល បើការជំរុញយន្តការប្រជាធិបតេយ្យរបស់ពួកគេត្រូវបានបរាជ័យនោះ។
លោក មាស នី បញ្ជាក់ថា ក្រោយការបោះឆ្នោតបាន១ថ្ងៃ សហរដ្ឋអាមេរិកបានបង្ហាញជំហរថា នឹងបន្តពង្រីកការដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ ដល់មន្ត្រីរដ្ឋាភិបាលបន្ថែម ។ ជប៉ុន ជាម្ចាស់ជំនួយដ៏ធំ ក៏បានជំរុញឲ្យមានការចរចានយោបាយ ឡើងវិញជាមួយបក្សប្រឆាំង។
លោក មាស នី លើកឡើងទៀតថា ប្រតិកម្មជាជំហានៗ របស់សហគមន៍អន្តរជាតិនេះ ជាសញ្ញាបង្ហាញថា ការដឹកនាំនៅអាណត្តិថ្មីនេះ អាចនឹងជួបបញ្ហា បើមេដឹកនាំមើលស្រាលពីសម្ពាធនេះ។
បើតាមលោក មាស នី បើអ្នកនយោបាយខ្មែរ មិនយកបញ្ហាដាក់លើតុដើម្បីជជែកគ្នារកដំណោះស្រាយទេនោះ វាជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។
អ្នកសិក្សាពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី
អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងប្រហាក់ប្រហែលដែរថា រដ្ឋាភិបាលថ្មីអាចនឹងត្រូវសហគមន៍អន្តរជាតិចាត់វិធានការផ្សេងទាក់ទិននឹងអំណោយផលផ្នែកពាណិជ្ជកម្ម។ ប៉ុន្តែលោកបង្ហាញជំនឿតិចតួចថា បក្សកាន់អំណាចនឹងវិលទៅរកតុចរចា ដើម្បីបញ្ជៀសហានិភ័យរបស់ប្រទេស ដែលគេគិតថាអាចនឹងកើតមានទៅថ្ងៃអនាគត ដោយសារតែកម្ពុជាមានមហាអំណាចចិនធ្វើជាខ្នងបង្អែកដ៏រឹងមាំ។
អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ
សរុបទៅអ្នកវិភាគយល់ថា ជាជម្រើសចាំបាច់ដែលអ្នកនយោបាយខ្មែរ ត្រូវបើកការចរចាស្វែងរកដំណោះស្រាយនយោបាយដោយតម្កល់ប្រយោជន៍ជាតិជាធំ មុនវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិមកដល់ ។
ប៉ុន្តែពួកគេថា ការចរចានយោបាយនឹងមិនកើតឡើងទេ បើអ្នកនយោបាយខ្មែរភាគច្រើន មិនខ្វល់ពីគ្រោះថ្នាក់របស់ប្រទេសជាតិ ហើយគិតតែពីធ្វើនយោបាយបែបសងសឹកគ្នា ដើម្បីតែប្រយោជន៍បក្ខពួក និងគ្រួសារនិយមកនោះ៕