សមាជិកសភាអូស្ដ្រាលីស្នើកោះប្រជុំប្រទេសហត្ថលេខីសន្ធិសញ្ញា​​សន្តិភាពក្រុងប៉ារីស

សមាជិកសភាសហព័ន្ធមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill

សមាជិកសភាអូស្ដ្រាលីមួយរូបបានជំរុញទៅរដ្ឋាភិបាលរបស់ខ្លួនឲ្យកៀងគរភាគីហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឲ្យបើកកិច្ចប្រជុំឡើងវិញ ពាក់​ព័ន្ធនឹងស្ថានភាព​សិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។​

ក្នុងកិច្ចប្រជុំសភាមួយកាលពីថ្ងៃចន្ទម្សិលមិញ សមាជិកសភាសហព័ន្ធមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill បានស្នើទៅរដ្ឋាភិបាលលោក Malcolm Turnbull ឲ្យធ្វើការជាមួយបណ្ដាប្រទេស និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ជួប​ប្រជុំគ្នា​ពិភាក្សា​ពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ​។

លោក Julian Hill ក៏ទាមទារឲ្យរដ្ឋាភិបាលអូស្ដ្រាលីឈប់ចុះកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនជាមួយកម្ពុជា និងស្នើដាក់ទណ្ឌកម្មជាក់លាក់លើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដូចជា ថ្កោលទោសការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដា ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទណ្ឌកម្មទិដ្ឋាការលើមន្ដ្រីជាន់ខ្ពស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ។

លោក Julian Hill ថ្លែងក្នុងកិច្ចប្រជុំសភានោះ​ថា៖

ឥឡូវនេះ អូស្ដ្រាលីត្រូវពង្រឹងចំណាត់ការរបស់យើងថែមទៀត។ វាដល់ពេលហើយ ដែលជាដំបូង ត្រូវពិនិត្យមើលលើទណ្ឌកម្ម ការរឹតបណ្ដឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិសម្រាប់សមាជិក និងគ្រួសារនៃរបបនេះ។​ យើងត្រូវធ្វើការជាមួយប្រជាជាតិដទៃទៀត និងបង្ហាញពីភាពជាអ្នកដឹកនាំម្ដងទៀត។​ យើងអាចប្រមែប្រមូលភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មកកោះប្រជុំ

សមាជិកសភាសហព័ន្ធមកពីគណបក្សពលករអូស្ដ្រាលី លោក Julian Hill

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សួស យ៉ារ៉ា ច្រានចោលការលើកឡើងរបស់សមាជិកសភាអូស្ដ្រាលីរូបនេះ ដោយថា គ្មានបរទេសណាមួយអាចបំពានអធិបតេយ្យ និងឯករាជ្យភាពកម្ពុជាបានទេ។

លោកថា គណបក្សប្រជាជន ដែលជាគណបក្សទទួលបានសំឡេងច្រើនជាងគេនៅអាណត្តិនេះ មិនខ្វល់ការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅនោះទេ ដោយលោកសំអាងលើរបាយការណ៍របស់ គ.ជ.ប ដែលថា មានពលរដ្ឋកម្ពុជាដល់ទៅ៨៣ភាគរយ បានចេញទៅបោះឆ្នោត​ និងបានសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន។

អ្វីដែលគាត់ថ្លែងហ្នឹង គឺគាត់មិនមែនជាអ្នកច្បាប់ទេ ព្រោះគាត់អត់យល់ថា អ្វីជាកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស និងអ្វីជារដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ បញ្ហារិះគន់ វា​តែងតែមានហើយ មានប្រទេសខ្លះស្របយើង ប្រទេសខ្លះមិនស្របយើង។ អាហ្នឹងជារឿងធម្មតាក្នុងការបញ្ចេញមតិរបស់គេ។ ប្រជាជនកម្ពុជា ៨៣ភាគរយ បានចេញមកបោះឆ្នោត ហ្នឹងហើយជាភាពស្របច្បាប់របស់កម្ពុជា គ្មាននរណាមានអំណាចមកប្រគល់ភាពស្របច្បាប់ឲ្យកម្ពុជាទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សួស យ៉ារ៉ា

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថាការស្នើរបស់លោក Julian Hill បង្ហាញ​ថា​ សហគមន៍អន្ដរជាតិកំពុងយកចិត្តទុកដាក់ជុំវិញការបោះឆ្នោតនៅកម្ពុជា ដែលបញ្ចប់ទៅកាលពីថ្ងៃទី២៩កក្កដាកន្លងទៅថ្មីៗនេះ។ លោកថា វិធានការជាក់លាក់មួយចំនួន នឹងអាចកើតមានឡើង បន្ទាប់ពីកម្ពុជាបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួន។

បើយើងមើលមកដល់ពេលនេះ មិនទាន់ដល់កន្លែងមួយដែលគេធ្វើការសម្រេចចិត្តនៅឡើយទេ ព្រោះឥឡូវនេះ យើងនៅមិនទាន់បានបង្កើតរដ្ឋាភិបាល គេគ្រាន់តែនិយាយពីការបោះឆ្នោតមួយដែលមិនសេរី និងយុត្តិធម៌ក្នុងក្រសែភ្នែកអន្ដរជាតិ ក៏ដូចជានៅក្នុងស្រុក។ ការបង្ហាញនូវការមិនគាំទ្រ ឬការមិនទទួលស្គាល់ការបោះឆ្នោត យើងអាចមានន័យថា វាឈានទៅរកការមិនទទួលស្គាល់រដ្ឋាភិបាលក្រោយពេលប្រកាសផងដែរ

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី

បន្ទាប់ពីកម្ពុជាបញ្ចប់ការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ ក្រុមប្រទេសលោកសេរីមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងរិះគន់ការបោះឆ្នោតនេះ​ថា មិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានបង្ហាញនូវការខកចិត្ត ខណៈប្រទេសខ្លះ ក៏កំពុងពិចារណាទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ