គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសថា ពួកគេនឹងពិចារណាចូលរួមក្នុងវេទិកាពិគ្រោះយោបល់មួយ ដែលត្រូវបានផ្ដួចផ្ដើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
ក្នុងពិធីមួយកាលពីថ្ងៃទី១៥ សីហា លោក ហ៊ុន សែន បានប្រកាសថា នឹងបង្កើតឲ្យមានវេទិកាពិគ្រោះយោបល់ជាមួយគណបក្សដែលមិនទទួលបានអាសនៈក្នុងរដ្ឋភា នៅមុនបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិតជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិយាយថា ខ្លួនស្វាគមន៍នូវវេទិកាបែបនេះ ដែលជាកិច្ចពិភាក្សារវាងរដ្ឋាភិបាល និងគណបក្សនយោបាយនានា។
គណបក្សនេះ បានចាត់ទុកវេទិកាបែបនេះថា ជាទម្រង់មួយស្របតាមគោលនយោបាយបង្រួបបង្រួមជាតិ ដូចមានចែងក្នុងគោលនយោបាយរបស់ខ្លួន។
គណបក្សមួយនេះ បានប្រកាសថា នឹងពិចារណាចូលរួមក្នុងវេទិកានេះ នៅក្រោយការបង្កើតរដ្ឋសភា និងរដ្ឋាភិបាល។
ប៉ុន្តែ គណបក្សនេះក៏បានស្នើទៅរដ្ឋាភិបាលឲ្យបង្ហាញនូវគោលបំណងជាក់លាក់ យន្តការលម្អិត និងភាពទៀងទាត់នៃវេទិកានេះ ដោយថា ដើម្បីឲ្យខ្លួនមានមូលដ្ឋានសម្រាប់ការពិចារណាចូលរួមប្រកបដោយប្រសិទ្ធភាព។
ទោះជាយ៉ាងណា បណ្ឌិត យ៉ង សាំងកុមារ ដែលបានឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សមួយនេះអំឡុងពេលឃោសនាបោះឆ្នោតនោះ បានប្រកាសនៅលើគណនី Twitter របស់លោកនៅព្រឹកនេះថា គណបក្សលោកសម្រេចចិត្តមិនចូលរួមក្នុងវេទិកាមួយនេះ ដែលនឹងត្រូវរដ្ឋាភិបាលរៀបចំឡើងនៅថ្ងៃទី២១ ខែសីហានេះនោះទេ។
ខុសពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រាប់ VODថា គណបក្សលោកនឹងមិនចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងគណបក្សនយោបាយទាំង១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ខែសីហានោះទេ ដោយថា គ្មានប្រយោជន៍ និងគ្រាន់តែជារូបភាពបិទបាំងរឿងអាក្រក់របស់រដ្ឋាភិបាលប៉ុណ្ណោះ៕