អ្នកមានជម្លោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡានិងអតីតបឹងកក់ អះអាងនៅព្រឹកនេះថាអាជ្ញាធររារាំងមិនឲ្យពួកគាត់ទៅជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យលោកជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ទេ។
ពលរដ្ឋម្នាក់នៅសហគមន៍បុរីកីឡាអ្នកស្រី ភោគ សុភីន ប្រាប់វីអូឌីថា ពួកគាត់គ្រោងនឹងនាំគ្នាទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ប៉ុន្តែត្រូវអភិបាលរងខណ្ឌ៧ មករាចុះទៅរារាំងដោយមិនឲ្យពួកគាត់ចេញពីសហគមន៍បុរីកីឡាឡើយ ព្រោះថានៅព្រឹកនេះលោកនាយករដ្ឋមន្រ្តីត្រូវចូលរួមកិច្ចប្រជុំជាមួយគណបក្សនយោបាយនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកស្រីបន្តថា ពួកគាត់យល់ព្រមមិនទៅទីស្ដីការនាថ្ងៃនេះ ដើម្បីបញ្ជៀសការចោទប្រកាន់ណាមួយពីអាជ្ញាធរ ខណៈដែលអភិបាលរងខណ្ឌ៧ មករា បានសន្យាជាមួយគាត់ថានឹងពិនិត្យមើលចំពោះរឿងនេះឡើងវិញ។
ពលរដ្ឋម្នាក់នៅសហគមន៍បុរីកីឡាអ្នកស្រី ភោគ សុភីន
នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកវេទិកាពិគ្រោះយោបល់ជាមួយគណបក្សនយោបាយចំនួន១៦ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅហើយមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភា មុននឹងបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិតជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។
អភិបាលរងខណ្ឌ៧ មករា លោក កៀង ល័ក្ស មានប្រសាសន៍ថា លោកហាមមិនឲ្យប្រជាពលរដ្ឋទៅទីស្ដីការគណរដ្ឋមន្រ្តី ដោយសារនៅទីនោះកំពុងមានកិច្ចប្រជុំ ប៉ុន្តែពាក់ព័ន្ធបញ្ហាដីធ្លីនេះលោកនឹងធ្វើការពិនិត្យមើលចំពោះរឿងនេះឡើងវិញ ។
អភិបាលរងខណ្ឌ៧ មករា លោក កៀង ល័ក្ស
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១ ៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន។
ទោះជាយ៉ាងក្រុមពលរដ្ឋទាំងនោះអះអាងថា ប្រសិនបើដល់ថ្ងៃទី ២៣ ខែសីហា នេះ ខណ្ឌមិនជូនដំណឹង និងដោះស្រាយឲ្យពួកគាត់ដែលមិនទទួលបានសំណងទេ ពួកគាត់នឹងនាំគ្នាដើរតវ៉ាបន្តទៀតរហូតទទួលបានដំណោះស្រាយ៕