ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង បានស្នើទៅប្រធានាធិបតីនៃប្រទេសនោះកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយពួកគេលើកឡើងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅនេះ មិនស្របតាមដំណើរការប្រជាធិបតេយ្យនោះទេ។
នៅព្រឹកថ្ងៃពុធនេះ សភាថ្មីអាណត្ដិទី៦ ដែលសុទ្ធសឹងជាតំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជានោះបានបើកសម័យប្រជុំដំបូងរបស់ខ្លួន ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលថ្មី។
ក្នុងលិខិតចុះថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ ក្រុមប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងបានស្នើសុំទៅប្រធានាធិបតី លោក ម៉ានូអែល ម៉ាក្រុន កុំឲ្យទទួលស្គាល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតថ្ងៃទី២៩កក្កដា។ លិខិតនោះក៏បាន ជំរុញឲ្យកម្ពុជាគោរពសន្ធិសញ្ញាទីក្រុងប៉ារីស និងរៀបចំការបោះឆ្នោតមួយ ដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។
នៅប៉ុន្មានថ្ងៃដើមខែកញ្ញានេះ ពោលគឺនៅមុនកិច្ចប្រជុំសភាអាណត្ដិទី៦នេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងអាមេរិកជាដើម ក៏ទាមទារឲ្យរដ្ឋាភិបាលប្រទេសទាំងនេះកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជាដោយថា រដ្ឋាភិបាលនេះកើតចេញពីការបោះឆ្នោត «ក្លែងក្លាយ» និងបង្កឲ្យមានវិបត្តិសង្គមទៅថ្ងៃអនាគត។