សាលាដំបូរាជធានីភ្នំពេញបានចេញដីកាកោះហៅសកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាម្នាក់ឲ្យចូលធ្វើសាក្សីក្នុងសំណុំរឿង«ក្បត់ជាតិ»ប្រឆាំងនឹងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។
ក្នុងដីកាកោះចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី បានឲ្យដឹងថា តុលាការបង្គាប់ឲ្យឈ្មោះ ស ស៊ន ចូលបំភ្លឺជាសាក្សីនៅថ្ងៃទី១១ ខែកញ្ញាខាងមុខក្នុងសំណុំរឿងដែលរដ្ឋាភិបាលចោទអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិថា «ក្បត់ជាតិ»។
សកម្មជនដីធ្លីអ្នកស្រី ស ស៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកស្រីទើបទទួលបានដីកាកោះហៅពីតុលាការក្រុងភ្នំពេញកាលមិ្សលមិញនេះ។ អ្នកស្រីបន្តថា អ្នកស្រីមានការភ្ញាក់ផ្អើលទៅនឹងការកោះហៅនេះ។ ប៉ុន្ដែអ្នកស្រីថា នឹងចូលខ្លួនឆ្លើយបំភ្លឺ ដើម្បីបញ្ជាក់ថាខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះទេ ហើយការដែលពួកគាត់ដើរតវ៉ាកន្លងមក ដោយសារពួកគាត់បាត់បង់ដីធ្លីតែប៉ុណ្ណោះ។
សកម្មជនដីធ្លីអ្នកស្រី ស ស៊ន
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា កន្លងទៅ សកម្មជនដីធ្លីអ្នកស្រី ស ស៊ន តែងតែចេញតវ៉ាពិតមែន ប៉ុន្តែលោកថា ការតវ៉ានោះ ដោយសារ ពួកគេបាត់បង់ដីធ្លីតែប៉ុណ្ណោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា
លោកចាត់ទុកដីកាកោះរបស់តុលាការដែលបង្គាប់ឲ្យសកម្មជនដីធ្លីរូបនេះចូលទៅបំភ្លឺនៅតុលាការថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តពួកគាត់ ខណៈពួកគេមិនបានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះ។
កាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាកោះហៅប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះដែរ ក្នុងសំណុំរឿង«ក្បត់ជាតិ» ប្រឆាំងនឹងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ផងដែរ។
ការកោះហៅសាក្សីបន្ថែមនេះ គឺធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចពន្យាពេលឃុំខ្លួនបណ្ដោះអាសន្នលោក កឹម សុខា ចំនួន ៦ខែទៀត បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំអស់រយៈពេល ១ឆ្នាំមកហើយនោះ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនលោកនៅយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»៕