ប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តនេះ បានដាក់ម្លាំងជាច្រើនរួមទាំងគ្រឿងចក្រ ដើម្បីរុះរើសផ្ទះសម្បែងរបស់ពួកគេ ដោយពលរដ្ឋហៅសកម្មភាពនេះថា ជាការបណ្ដេញពួកគេចេញទាំងបង្ខំ និងដោយពុំបានជូនដំណឹងជាមុន។
លោក ហោ សុខលី ពលរដ្ឋរស់នៅក្នុងភូមិពូធឿង ស្ថិតក្នុងឃុំបិតត្រាំង បានប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរបានឈួសឆាយផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពូធឿងអស់ ៦៥ខ្នង ចាប់តាំងពីថ្ងៃទី២៩ ខែសីហាកន្លងមក ដោយមិនបានជូនដំណឹងនោះឡើយ។ លោកបានឲ្យដឹងបន្ថែមថា នៅថ្ងៃនេះ អាជ្ញាធរខេត្តបានដាក់កម្លាំងជាច្រើន ដើម្បីរុះរើសផ្ទះ និងបានគំរាមកំហែងពួកគាត់ឲ្យចាកចេញពីទីតាំងដីនេះផងដែរ។
លោក ហោ សុខលី ពលរដ្ឋរស់នៅក្នុងភូមិពូធឿង ស្ថិតក្នុងឃុំបិតត្រាំង
មេឃុំបិតត្រាំង លោក មាជ ចាន់ ទទួលស្គាល់ថា លោកពិតជាបានចេញលិខិតឲ្យប្រជាពលរដ្ឋរស់នៅទីនោះមែន ប៉ុន្តែ លិខិតដែលលោកចេញឲ្យប្រជាពលរដ្ឋនោះ មិនបានដល់ ៣០០គ្រួសារនោះទេ។ លោកបន្តថា លោកចេញលិខិតឲ្យប្រជាពលរដ្ឋរស់នៅទីតាំងនោះ ដោយសារ លោកមិនដឹងថា តំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
មេឃុំបិតត្រាំង លោក មាជ ចាន់
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានឲ្យដឹងថា តំបន់ក្បាលឆាយ ត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារ ដើម្បីរក្សាប្រភពទឹកសម្រាប់ផ្គត់ផ្គងទៅខេត្តព្រះសីហនុ និងមិនអនុញ្ញាតឲ្យនរណាទៅរំលោភបំពាននោះឡើយ។
លោកថែមទាំងព្រមានថា នឹងចាត់វិធានការកាន់តែតឹងតែងបន្ថែមទៀតទៅលើពលរដ្ឋទាំងនោះ ដែលលោកថា បានរស់នៅដោយខុសច្បាប់ លើដីត្រូវបានកំណត់ជាតំបន់ការពារតាមអនុក្រឹត្យរបស់រដ្ឋាភិបាល។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរគួរតែជូនដំណឹងទៅដល់ពលរដ្ឋជាមុន និងមិនត្រូវអនុវត្តការគំរាមកំហែង និងការបណ្ដេញចេញដោយបង្ខំនោះឡើយ បើទោះបីជាពលរដ្ឋរស់នៅស្របច្បាប់ ឬក៏ខុសច្បាប់ក្ដី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា
លោក ហោ សុខលី អះអាងបន្តថា បច្ចុប្បន្ននេះ ផ្ទះសម្បែងពលរដ្ឋជាង ៣០០គ្រួសារនៅភូមិពូធឿង កំពុងប្រឈមមុខនឹងការរុះរើសចេញ ហើយលោកស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ និងដោះស្រាយដល់ពួកគាត់ផងដែរ៕