ប្រជាសហគមន៍មានជម្លោះដីធ្លីនៅស្រុករមាសហែកខេត្តស្វាយរៀងអះអាងថា ពួកគេព្រួយបារម្ភដោយសារមេប៉ុស្តិ៍ដើរស្រង់ឈ្មោះ អ្នកដែលបានឡើងដាក់ញត្តិស្វែងរកដំណោះស្រាយដីធ្លីកាលពីម្សិលមិញនៅក្រសួងដែនដីក្នុងរាជធានីភ្នំពេញ។
កាលពីម្សិលមិញ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអានម៉ារ៉ាឌីជិត៥០ នាក់មកពីខេត្តស្វាយរៀង បានប្រមូលផ្តុំគ្នាមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណងដើម្បីស្នើសុំឲ្យស្ថាប័ននេះ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេដែលបានអូសបន្លាយជាច្រើនឆ្នាំ។ ក្រោយតវ៉ានោះ ក្រសួងបានសន្យាថានឹងដោះស្រាយបញ្ហាដីធ្លីនេះនៅថ្ងៃទី១៣ ខែកញ្ញា នេះ ឲ្យពួកគាត់បានគ្នាត្រឡប់ទៅស្រុកវិញ។
ពលរដ្ឋម្នាក់ភូមិពពេល ឃុំត្រស់ ដោយសុំមិនបញ្ចេញឈ្មោះ ប្រាប់វីអូឌីនៅថ្ងៃនេះថា នៅពេលដែលពួកគាត់នាំគ្នា ត្រឡប់ទៅស្រុកវិញ មេប៉ុស្តិ៍ឃុំត្រស់ បានស្រង់ឈ្មោះពួកគាត់។ លោកបន្តថា អាជ្ញាធរ បានសួរពួកគាត់ថាទៅគ្នាប៉ុន្មាននាក់ អ្នកណាជាអ្នកដឹកនាំនិងសួររកអ្នកនៅក្រោយករណីពលរដ្ឋឡើងទៅតវ៉ានៅភ្នំពេញនោះ។
ពលរដ្ឋម្នាក់ភូមិពពេល ឃុំត្រស់ ដោយសុំមិនបញ្ចេញឈ្មោះ
មេប៉ុស្ដិ៍ឃុំត្រស់លោក សំ ដារ៉ា ទទួលស្គាល់ថាលោកពិតជាបានឲ្យប្រជាពលរដ្ឋស្រង់ឈ្មោះអ្នកដែលឡើងមកតវ៉ានៅភ្នំពេញមែន ប៉ុន្តែការស្រង់ឈ្មោះនេះ លោកថា មិនមែនជាការគំរាមកំហែងនោះទេ។
មេប៉ុស្ដិ៍ឃុំត្រស់លោក សំ ដារ៉ា
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រាល់ការចេញទៅដាក់ញត្តិដើម្បីទាមទារអ្វីមួយមិនមានច្បាប់ណាតម្រូវឲ្យជូនដំណឹង ឬ សុំការអនុញ្ញាតពី អាជ្ញាធរមុននោះទេ។ លោកចាត់ទុកករណីអាជ្ញាធរហៅពលរដ្ឋទៅសួរនាំនេះជា ការបំភិតបំភ័យនិងជាការគំរាមកំហែងមកឲ្យពលរដ្ឋចេញតវ៉ារឿងបញ្ហានានា ដែលអាជ្ញាធរថ្នាក់ក្រោមមិនអាចដោះស្រាយបាន។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន
បើតាមក្រុមប្រជាពលរដ្ឋអះអាង ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អានម៉ារ៉ាឌីចាប់តាំងពី២០០១ ហើយជម្លោះដីធ្លីបានឈានដល់ចាប់ប្រជាពលរដ្ឋចំនួន៤ នាក់ដាក់ពន្ធនាគារនៅពេលដែលពួកគេតវ៉ា ដោយហាមឃាត់មិនឲ្យគ្រឿងចក្រឈូសឆាយផ្ទះ និងដំណាំរបស់ពួកគេ។ ពលរដ្ឋអះអាងថា មានពលរដ្ឋប្រមាណ ៩០ គ្រួសារ បានរងផលប៉ះពាល់ដី ៣៧០ ហិកតា ហើយរហូតមកដល់ថ្ងៃនេះ ពួកគេមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។