របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដាន បង្ហាញថា ចំណូលបានមកពីពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល ៨ខែឆ្នាំនេះ ត្រូវបានសម្រេចបានតាមផែនការប្រចាំឆ្នាំ ដោយថា ចំណូលពន្ធបានកើនឡើងជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ អគ្គនាយកដ្ឋានពន្ធដារអះអាងថា រយៈពេល ៨ខែដើមឆ្នាំ២០១៨ រដ្ឋាភិបាលប្រមូលពន្ធបានជាង ៦ពាន់ប៊ីលានរៀល (៦០១៣.២០ ប៊ីលានរៀល) ឬស្មើនឹងជាង ១ពាន់ ៥រយលានដុល្លារអាមេរិក (១៥០៣.២៩លានដុល្លារ) ដែលស្ថាប័ននេះថា ស្របតាមផែនការច្បាប់កំណត់ ៧៨.១៥ភាគរយ។
បើតាមសេចក្ដីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារអះអាងថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ការប្រមូលពន្ធអាករគ្រប់ប្រភេទនៅឆ្នាំនេះ កើនឡើង ៦៧១.៨៩ប៊ីលានរៀល ឬស្មើនឹង ១៦៩លានដុល្លារអាមេរិក ឬមានកំណើន ១២.៥៨ភាគរយ៕