រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហើបឲ្យដឹងថា លោកជាអ្នករៀបចំផ្ទេរការឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ប៉ុន្តែ លោកថា ច្បាប់ព្រហ្មទណ្ឌកម្ពុជា មិនបានចែងនៅត្រង់ចំណុចនេះនោះឡើយ។
នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅឯខេត្តព្រៃវែងនៅថ្ងៃនេះ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីផង និងជាអនុប្រធានគណបក្សកាន់អំណាចផងនោះ បានថ្លែងថា ក្រមព្រហ្មទណ្ឌកម្ពុជា ពុំបានចែងអំពីការឃុំខ្លួននៅក្នុងផ្ទះនោះទេ ប៉ុន្តែ លោកថា រូបលោក និងមន្ត្រីក្រសួងមហាផ្ទៃដទៃទៀត បានជជែកគ្នា និងសម្រេចរៀបចំដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង
លោក ស ខេង ថ្លែងបន្តទៀតថា លោកបានចាត់តាំងឲ្យមន្ដ្រីក្រសួងមហាផ្ទៃ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារ និងប្រាប់ឲ្យចុះលេខាលើសេចក្ដីព្រាងលិខិតមួយ ដែលត្រូវបានដឹងថា លោក កឹម សុខា បានស្នើទៅអគ្គស្នងការនគរបាលជាតិ ឲ្យជួយការពារសន្តិសុខ និងសុវត្ថិភាពរូបលោកអំឡុងពេលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនេះ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង
លោក ស ខេង អះអាងថា លោក និងមន្ត្រីរបស់លោក បានសម្រេចធ្វើបែបនេះ ដើម្បីធានាថា គ្មានការចោទថា លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងផ្ទះដោយខុសច្បាប់ ប៉ុន្តែ លោកថា ការដាក់ពង្រាយកម្លាំងជុំវិញផ្ទះលោក កឹម សុខា គឺជាការឆ្លើយតបទៅនឹងការស្នើសុំពីមេដឹកនាំបក្សប្រឆាំង ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព។
ទោះជាយ៉ាងណា លោក ស ខេង ពុំបានប្រាប់ឲ្យដឹងពីមូលហេតុអ្វីដែលនាំឲ្យមានការផ្ទេរការឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះនោះឡើយ។
ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងពីឃុំក្នុងពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះវិញ កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ក្រោមហេតុផលសុខភាព បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំអស់រយៈពេលជាង ១ឆ្នាំមកហើយនោះ៕