មហាព្យុះមួយដ៏សាហាវកំពុងតែបក់បោកទៅលើប្រទេសចិន ក្រោយពីវាបានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសហ្វីលីពីននិងទីក្រុងហុងកុង។
ព្យុះទីហ្វុងដ៏កំណាចដែលមានឈ្មោះថា«មង្ឃុត» បានបក់បោកដល់ប្រទេសចិននៅល្ងាចម្សិលមិញនេះ។ តាមរបាយការណ៍ស្ថានីយឧតុនិយមខេត្តគ័ងទុងរបស់ចិន ព្យុះមង្ឃុតចាប់ផ្ដើមបក់បោកតំបន់ឆ្នេរនៃក្រុងជាំងមិញរបស់ខេត្តនេះក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោងកាលល្ងាចម៉ោង៥ម្សិលមិញនេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ប្រជាជនចិនជាង២លាននាក់ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយទូកនេសាទជិត៥ម៉ឺនត្រូវបានហៅត្រលប់ឲ្យមកកំពង់ផែវិញ។ តាមប្រភពដដែល ការដ្ឋានសំណង់ចំនួន២៩០០០ និងតំបន់ទេសចរ៦៤០កន្លែងត្រូវបានបិទលែងឲ្យដំណើរការជាបណ្ដោះអាសន្ន។ ព្យុះដ៏កំណាចមួយនេះក៏បានប៉ះពាល់ដល់តំបន់ម៉ាកាវផងដែរ ដែលបណ្ដាលឲ្យកាស៊ីណូទាំងអស់នៅក្នុងតំបន់ត្រូវបិទជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
ជើងហោះហើរបស់អាសយានដ្ឋានអន្តរជាតិគ័ងចូវនិងស៊ិនជិនត្រូវបានផ្អាករហូតដល់ម៉ោង៨ព្រឹកនេះទើបបើកឲ្យដំណើរការជាធម្មតាវិញ។ រថភ្លើងល្បឿនលឿននិងរថភ្លើងធម្មតាមួយចំនួននៅខេត្តគ័ងទុងនិងហាំណានត្រូវបានផ្អាកការដឹកជញ្ជូនភ្ញៀវជាបណ្ដោះអាសន្ន។ អាជ្ញាធរចិនមិនទាន់អាចបញ្ជាក់ពីចំនួនមនុស្សដែលបាត់បង់ជីវិតនិងរងរបួសបាននៅឡើយទេ។
ព្យុះទីហ្វុងមង្ឃុត បានចាប់ផ្ដើមបក់បោកប្រទេសហ្វីលីពីនមុនគេកាលពីថ្ងៃសៅរ៍កន្លងទៅ។ តាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia របស់សឹង្ហបុរី ព្យុះដ៏អាចសាហាវនេះបានឆក់យកជីវិតប្រជាជនហ្វីលីពីនយ៉ាងហោចណាស់៥៩នាក់ដោយសារបាក់ដីសង្កត់ពីលើ ហើយប្រជាជនជាង២៥ម៉ឺននាក់កំពុងរងផលប៉ះពាល់។ តាមប្រភពដដែលចំនួនអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងថែមទៀត ព្រោះអាជ្ញាធរហ្វីលីពីននៅតែរកឃើញជនរងគ្រោះដែលត្រូវដីបាក់សង្កត់ស្លាប់ជាបន្តបន្ទាប់។ ព្យុះនេះក៏បណ្ដាលឲ្យដំណាំរបស់កសិករហ្វីលីពីន កំពុងរស់នៅកោះលូហ្សូនរងការខូចខាតលិចបាត់នៅក្រោមទឹកគ្មានសល់ ដោយសារតែព្យុះនេះបានវាយប្រហារកោះនេះទាំងមូល។
ដោយឡែកសម្រាប់ក្រុងហុងកុង ព្យុះទីហ្វុងមង្ឃុតបានបណ្ដាលឲ្យមនុស្ស២១៣នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។ ព្យុះនេះបានបណ្ដាលឲ្យទឹកជន់លិចក្រុងហុងកុងក៏ដូចជាបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាទៀតជាច្រើន។
តាមការព្យាករណ៍ ព្យុះទីហ្វុងមង្ឃុតនឹងថមថយឥទ្ធិពលរបស់វានៅថ្ងៃអង្គារស្អែកនេះ នៅពេលដែលវាធ្វើដំណើរដល់តំបន់ដីគោក៕