មនុស្សភាគច្រើននៅពេលដែលធ្វើដំណើរឆ្លងកាត់តំបន់ដែលមានសំរាមនិងលូទឹកស្អុយ តែងតែយកដៃខ្ទប់ច្រមុះ ព្រោះទ្រាំនឹងក្លិនស្អុយមិនបាន។ ប៉ុន្តែសម្រាប់កម្មករស្ដារលូ ក្លិនស្អុយមិនមែនជាឧបសគ្គរារាំងដល់ការបំពេញការងាររបស់ពួកគេនោះទេ។
ទោះជាយ៉ាងណាក៏ដោយក្រុមកម្មករស្ដារលូមួយចំនួនបង្ហាញពីក្តីបារម្ភពីបញ្ហាសុខភាពរបស់ខ្លួនផងដែរនៅពេលអនាគត។ ដោយសារតែមូលហេតុផលនេះហើយ ទើបក្រុមកម្មករទាំងនោះស្នើទៅរដ្ឋាភិបាលដាក់បញ្ចូលឈ្មោះពួកគេក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីទទួលបានប្រាក់សោធនិវត្តន៍ខ្លះៗពីរដ្ឋាភិបាលនៅពេលដែលធ្វើការងារនេះលែងកើត។
ដៃទាំងពីរកំពុងទប់ទុយយោបូមទឹកចេញពីលូ លោក ប៉ិច ណន បានឆ្លៀតមកនិយាយជាមួយអ្នកសារព័ត៌មានថាលោកបារម្ភពីបញ្ហាសុខភាពរបស់ខ្លួននៅថ្ងៃអនាគត ព្រោះគាត់មុតទាំងអំបែង ទាំងម្ជុល ដែក និងវត្ថុមុតស្រួតផ្សេងៗទៀតជាញឹកញាប់ផងដែរ។ លោកស្នើទៅរដ្ឋាភិបាលដាក់បញ្ជូនឈ្មោះគាត់ទៅក្នុងក្របខ័ណ្ឌរដ្ឋ ដោយថាដើម្បីឲ្យរដ្ឋជួយផ្ដល់ប្រាក់ឧបត្ថមខ្លះៗ ខណៈបច្ចុប្បន្នគាត់អាយុ ៦០ ឆ្នាំទៅហើយនោះ។
លោក ប៉ិច ណន កម្មករស្ដារលូនៅក្រុងភ្នំពេញ
កម្មករស្ដារលូម្នាក់ទៀត លោក ឡាយ ណារ៉ូ ដែលកំពុងរៀបចំចុះស្ដារលូទាំងសម្លៀកបំពាក់មិនទាន់ស្ងួតទឹក និងមានប្រឡាក់ភក់ផងនោះនិយាយថា លោកចុះស្ដារលូកន្លងមកមិនមានសម្លៀកបំពាក់ការពារនោះទេ គឺសម្លៀកពាក់ខោវអាវធម្មតាធ្វើការ។ បុរសសម្បុរខ្មៅស្រអែមអាយុ ៣៣ ឆ្នាំរូបនេះរៀបរាប់ថា រាល់ថ្ងៃនេះ លោកមានការបារម្ភដែរនៅពេលដែលចុះស្ដារលូ គឺខ្លាចឆក់ខ្សែភ្លើង មុតអំបែងដប ម្ជុល និងផលប៉ះពាល់សុខភាពនៅពេលអនាគត។
កម្មករស្ដារលូម្នាក់ទៀត លោក ឡាយ ណារ៉ូ
លោក ណារ៉ូ និយាយថា លោកធ្វើការជាអ្នកស្ដារលូនេះ ចំនួន ៤ ឆ្នាំមកហើយ ដោយទទួលបានប្រាក់ ៦០ ម៉ឺនរៀលក្នុងមួយខែដូចកម្មករដទៃទៀតដែរ។
មិនខុសពីលោក ណារ៉ូ កម្មករស្ដារលូម្នាក់ទៀត គឺ លោក យុំ សំ រៀបរាប់ ខណៈដែលលោកទើបងើបឡើងពីការចុះស្ដារថា ពួកគាត់ធ្វើការជាអ្នកស្ដារលូនេះ តាំងឆ្នាំ ១៩៩៧ ទើបទទួលបានខោវអាវការពារពីរដង គឺនៅឆ្នាំ២០១៦ ប្រទេសបារាំងជួយឧបត្ថម្ភ និងកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
បុរសអាយុ ៤៨ ឆ្នាំរូបនេះនិយាយថា ពួកគាត់ធ្វើការ រាល់ថ្ងៃនេះ មិនមានប័ណ្ណធានារ៉ាប់រងសុខភាព ឬ បេឡាជាតិរបបសន្តិសុខសង្គម ដូចកម្មករធ្វើការងារផ្សេងៗនោះទេ ដោយថា នៅពេលឈឺឬមានមុតអំបែង និងម្ជុលពេលធ្វើការ គឺត្រូវចេញប្រាក់ខ្លួនឯង ដោយចំណាយចាប់ពី ៥ ម៉ឺនទៅ ១០ ម៉ឺនរៀល។ ប៉ុន្តែបើករណីមុតខ្លាំងអង្គភាពជួយចេញខ្លះៗដែរ។
កម្មករស្ដារលូម្នាក់ទៀត គឺ លោក យុំ សំ អាយុ ៤៨ឆ្នាំ
នាយកអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា យល់ស្របចំពោះការស្នើសុំរបស់កម្មករដោយចង់ឲ្យរដ្ឋាភិបាលដាក់បញ្ជូនក្រុមកម្មករដែលធ្វើការស្ដារលូនេះចូលក្នុងក្របខ័ណ្ឌរដ្ឋ។ លោកស្នើទៅរដ្ឋាភិបាលឲ្យធ្វើការពិនិត្យមើលចំពោះការសំណើររបស់ក្រុមកម្មករ និងផ្ដល់សម្ភារការពារសុវត្តិភាពដល់ពួកគេ ដើម្បីបញ្ជៀសផលប៉ះពាល់សុខភាពនាថ្ងៃអនាគត។
នាយកអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា
ទាក់ទិននឹងកង្វល់និងការស្នើរបស់ក្រុមកម្មករស្ដារលូនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ប្រសិនបើក្រុមកម្មករជួបការលំបាកអ្វីពាក់ព័ន្ធនឹងការងារ លោកថា ពួកគេអាចដាក់សំណើរទៅកាន់ប្រធានអង្គភាពរបស់ខ្លួន ប៉ុន្តែករណីការស្នើសុំឲ្យដាក់បញ្ជូនក្នុងក្របខ័ណ្ឌរដ្ឋគឺរាជធានីភ្នំពេញធ្វើឲ្យទៅតាមគោលការណ៍។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី
បើតាមលោក ហាក់ គួចលីអ្នកគ្រប់គ្រងរយន្តថែទាំបណ្ដាញលូទឹកនៅទីក្រុងភ្នំពេញ ឲ្យដឹងថាក្នុងរាជធានីភ្នំពេញ ក្រុមអ្នកថែទាំបណ្ដាញ ឬស្ដារលូទឹកនៅទីក្រុងភ្នំពេញ មានចំនួន ២៨ នាក់ ៕