លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយឲ្យក្រសួងដែនដីចាត់វិធានការកាយដីចេញពីឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុចេញវិញ ដោយថា ដើម្បីរក្សាឆ្នេរនេះឲ្យមានលក្ខធម្មជាតិដូចដើម។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែកញ្ញានេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា លោក ហ៊ុន សែន បានចេញបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ចុះត្រួតពិនិត្យតំបន់ចាក់ដីលុបឆ្នេរសមុទ្រមួយកន្លែងនៅចំណុចឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
សេចក្តីប្រកាសឲ្យដឹងទៀតថា លោក ហ៊ុន សែន បញ្ជាឲ្យកាយដីនោះចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។
នៅប៉ុន្មានថ្ងៃនេះ ក្រសួងធនធានទឹក ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងដែនដី បានប្រកាសចាត់វិធានការលើក្រុមហ៊ុន ដែលបានចាក់ដីលុបព្រែកត្រែងនេះ។
ទោះយ៉ាងណា លិខិតបញ្ជារបស់លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ក្រុមហ៊ុនណាជាអ្នកចាក់ដីលុបឆ្នេរសមុទ្រនេះទេ។
ប៉ុន្តែ បើតាមគេហទំព័រ Fresh News បានដកស្រង់សម្តីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលបាននិយាយថា ក្រុមហ៊ុនចាក់ដីលុបឆ្នេរសមុទ្រ ដែលជំរុញឲ្យលោក ហ៊ុន សែន ចេញបញ្ជាផ្ទាល់ទៅលោក ជា សុផារ៉ា គឺជាក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ហៅយាយភូ៕