ពលរដ្ឋជិត១០០នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានទាមទារសំណងលុយបន្ថែមពីរដ្ឋាភិបាល បន្ទាប់ពីពួកគេទទួលយកសំណងដីធ្លីកាលជាង ៣ខែមុន។
ក្រុមពលរដ្ឋនៅឃុំជីខលើ ដែលអះអាងថា មានគ្នា ៧៦នាក់ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីសុំសំណងលុយ ៦ពាន់ដុល្លារបន្ថែមទៀតពីស្ថានប័នមួយនេះ បន្ទាប់ពីពលរដ្ឋទាំងនោះ ទទួលយកដំណោះស្រាយដីធ្លីមួយគ្រួសារដី ១ហិកតាកន្លះកាលពីខែឧសភាកន្លងមក។
ពលរដ្ឋម្នាក់ អ្នកស្រី ទុយ នី យាយថា ក្រសួងរៀបចំដែនដីសោះស្រាយវិវាទដីធ្លីជូនពលរដ្ឋនៅខេត្តកោះកុង មិនមានតម្លាភាព ដោយថា ក្រុមពួកគាត់ ១៧៦គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែរនោះ ទទួលបានដំណោះស្រាយត្រឹមតែដី ១ហិកតាកន្លះប៉ុណ្ណោះសម្រាប់ពលរដ្ឋមួយគ្រួសារ ប៉ុន្តែ សម្រាប់ក្រុមពលរដ្ឋផ្សេងៗទៀតដែលទើបទទួលបានដំណោះស្រាយក្រោយនេះ បែរជាទទួលបានដី ៣ហិកតា និងលុយ២៥០០ដុល្លារថែមទៀតក្នុងមួយគ្រួសារ។
អ្នកស្រីបន្តថា ដោយមើលឃើញការដោះស្រាយរបស់ក្រសួងមិនមានតម្លាភាពបែបនេះ ទើបក្រុមពួកគាត់សម្រេចនាំគ្នាមកទារ សំណងបន្ថែមពីរដ្ឋាភិបាល។
ពលរដ្ឋម្នាក់មកពីខេត្តកោះកុង អ្នកស្រី ទុយ នី
វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានទេជុំវិញករណីនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែ បើតាមតំណាងពលរដ្ឋដែលចូលជួបជាមួយមន្រ្តីក្រសួង បានឲ្យដឹងថា ក្រសួងមិនអាចដោះស្រាយសំណងបន្ថែមជូនពួកគេបានទេ ដោយថា ការទាមទារដំណោះស្រាយពីដំបូង គឺពលរដ្ឋទាំងនោះមិនបានទាមទារសំណងជាលុយភ្ជាប់ជាមួយសំណងជាដីនោះទេ។
មន្រ្តីសម្របសម្រួលសមាគមអាដហុក លោក មាន ព្រហ្មមន្នី មានប្រសាសន៍ថា តាមការសង្កេតរបស់លោក ការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាលជូនពលរដ្ឋពេលកន្លងមកនោះ គឺមិនបានអនុវត្តតាមច្បាប់ត្រឹមត្រូវនោះទេ ដោយថា ការដោះស្រាយនោះ គឺអនុវត្តតាមនយោបាយ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនបាតបង់ផលប្រយោជន៍ជាច្រើន។
លោកបន្តថា ពលរដ្ឋមួយចំនួនសម្រេចទទួលយកសំណងនោះទាំងបង្ខំចិត្តដោយសារគ្មានជជម្រើស ហើយលោកថា រដ្ឋាភិបាល គួរតែផ្តល់សំណងបន្ថែមជូនពលរដ្ឋដែលតវ៉ានោះ។
មន្រ្តីសម្របសម្រួលសមាគមអាដហុក លោក មាន ព្រហ្មមន្នី
ក្រុមពលរដ្ឋអះអាងថា ប្រសិនមិនទទួលបានសំណងបន្ថែមទេ ពួកគាត់នៅតែបន្តតវ៉ារហូតបានដំណោះស្រាយ ដោយព្រមានមិនត្រឡប់ទៅស្រុកកំណើតវិញទេ។
កាលពីដើមឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានសម្រេចកាត់ដីចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុងជិត ១០០០ហិកតា និងផ្តល់លុយមួយចំនួនទៀត ដើម្បីប្រគល់ឲ្យពលរដ្ឋជាង ៣០០គ្រួសារ បន្ទាប់ពីជម្លោះនេះអូសបន្លាយជាង១០ឆ្នាំ៕