សមាជិកសមាជិការព្រឹទ្ធសភានៅព្រឹកនេះ បានបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ជាអនុប្រធានទី១របស់ខ្លួន ជំនួសអនុប្រធានចាស់ដែលទទួលមរណភាពកាលពីចុងខែកញ្ញា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែតុលានេះ សមាជិកព្រឹទ្ធសភា៥៨រូប បានបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ឲ្យធ្វើជាអនុប្រធានទី១ព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួសលោក នៃ ប៉េណា ដែលទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨ ដោយរោគាពាធក្នុងជន្មាយុ៧៤ឆ្នាំ។
អ្នកនាំពាក្យព្រឹទ្ធសភា លោកម៉ម ប៊ុននាង បានឲ្យដឹងបន្ថែមថាលោក ស៊ឹម កា ធ្លាប់ធ្វើជាអភិបាលរដ្ឋធានីភ្នំពេញក្នុងសម័យរដ្ឋកម្ពុជា ហើយលោកបានធ្វើជាសមាជិកព្រឹទ្ធសភាបីអាណត្តិមកហើយ។ តាមបញ្ជីឈ្មោះសមាជិកព្រឹទ្ធសភាដែលបង្ហោះលើគេហទំព័រព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះ លោក ស៊ឹម កា មានអាយុ៧០ឆ្នាំ៕