អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញការព្រួយបារម្ភថាប្រព័ន្ធអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែអាវុធ ហៅកាត់ថា(EBA) របស់សហភាពអឺរ៉ុប អាចនឹងកាត់ផ្តាច់ពីកម្ពុជាវិញ បើរដ្ឋាភិបាលមិនបង្ហាញឆន្ទៈឲ្យសហគមន៍អន្តរជាតិជឿបានថា កម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។
សហភាពអឺរ៉ុប បានជូនដំណឹងរួចហើយពីវិធានការរបស់ខ្លួនដែលឈានទៅរកការព្យួរ(EBA)ក្រោយពីក្រុមប្រទេសទាំងនេះរកឃើញថាកម្ពុជាបានរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារធ្ងន់ធ្ងរ។
ប៉ុន្តែការសម្រេចរបស់ប្លុកសេរីមួយនេះ ជំរុញឲ្យរដ្ឋាភិបាលប្រតិកម្មតបវិញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដោយចាត់ទុកថាការសម្រេចនេះមានភាពលំអៀង និងថាអយុត្តិធម៌បំផុត សម្រាប់ខ្លួនបានខំប្រឹងប្រែង២០ ឆ្នាំកន្លងមកនេះ អនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ក្នុងវិស័យសិទ្ធិមនុស្ស ការងារ និងសិទ្ធិដីធ្លី។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប បានជួយជំរុញទាំងកំណើនសេដ្ឋកិច្ច និងស្រូបយកកម្លាំងពលកម្មជាង៨០ម៉ឺននាក់ក្នុងវិស័យកាត់ដេរ។
លោកថា៖«ប្រទេសកម្ពុជាយើងឃើញថា វិស័យកាត់ដេរ ជាវិស័យមួយជួយដល់សេដ្ឋកិច្ចជាតិ រហូតដល់ទៅជាង៧០% ក្នុងកំណើនសេដ្ឋកិច្ចក្នុង១ឆ្នាំៗ។ សំនួរសួរថាតើវិស័យហ្នឹងមានទីផ្សារនៅត្រង់ណាធំជាងគេ? គឺទីផ្សារអឺរ៉ុបហ្នឹងធំជាងគេ បន្ទាប់មកគឺអាមេរិក»។
លោក មឿន តុលា និយាយទៀតថា សហភាពអឺរ៉ុបអាចនឹងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ បើរដ្ឋាភិបាលកម្ពុជា ឈប់លេងល្បែងប្រជាធិបតេយ្យតទៅទៀត។
លោកថា៖«រឿងដែលសំខាន់ថាតើ មេដឹកនាំរបស់យើងហ្នឹងគាត់នៅមានឆន្ទៈរក្សាឲ្យប្រទេសកម្ពុជាឲ្យស្ថិតជាប្រទេសដែលគោរព តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែរអត់។បើសិនជាយើងឈរលើឆន្ទៈរដ្ឋធម្មនុញ្ញ អត់អីលំបាកទេ។ អ្វីដែលសហភាពអឺរ៉ុបទាមទារហ្នឹង អត់អីក្រៅពីយើងបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនោះទេ»។
អ្នកវិភាគបញ្ហាសង្គម លោក បណ្ឌិត មាស នី និយាយថា មិនមែនជារឿងចំឡែកទេ ដែលរដ្ឋាភិបាលច្រានចោលការសម្រេចរបស់សហភាពអឺរ៉ុបនោះ ដោយថា បើមិនការពារនូវចំណាត់ការរបស់ខ្លួន មានន័យថាខ្លួនបានទទួលស្គាល់ថាអ្វីដែលបានកើតឡើងកន្លងមក ជាកំហុសឆ្គង។
ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា បើអ្នកនយោបាយមិនរៀនទទួលស្គាល់ការពិតប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបអាចនឹងបាត់បង់ទៅវិញ។ លោកថា អ្នកដែលខាតបង់ គឺប្រទេសជាតិ និងពលរដ្ឋច្រើនលាននាក់។
លោកថា៖«សំខាន់ត្រង់ថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្រទេសមួយនេះ ស្ថិតនៅក្នុងស្ថានភាពមួយដែលចូលគេចុះនៅក្នុងពិភពលោកដែលមានទំនាក់ទំនងល្អជាមួយប្រទេសលើពិភពលោកដូចកាលពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣អញ្ចឹង។ អាហ្នឹងវាទៅមុខរួចហើយ តែយើងអាចឲ្យគេទទួលស្គាល់បានលុះត្រាតែយើងហ្នឹង ត្រូវតែគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហើយ អាហ្នឹងជារឿងសំខាន់»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលគ្នាដែរថាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបបានផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ លោកបន្តថាដើម្បីកុំឲ្យប្រព័ន្ធអនុគ្រោះពន្ធនេះ លុះត្រាតែ រដ្ឋាភិបាលមានឆន្ទៈធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅស្តាប្រជាធិបតេយ្យឡើងវិញ តបទៅនឹងការចង់បានរបស់ប្រទេសដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
លោកថា៖«អ្វីដែលទាក់ទាញអឺរ៉ុបនោះ គឺគ្មានអីក្រៅពីលំហសេរីភាពប្រជាធិបតេយ្យនៅកម្ពុជាទេ។ ប្រសិនបើយើងធ្វើឲ្យគេទទួលស្គាល់ គេឲ្យតម្លៃថា យន្តការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមអាមេរិកនិងអឺរ៉ុបចង់បានប្រហែលជាគេមិនផ្តាច់ទេប៉ុន្តែបើខុសគោលការណ៍ហ្នឹងខ្ញុំគិតថាប្រហែលជាគេមានវិធានការហើយ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ឲ្យ VOD ដឹងតាមសារអេឡិចត្រូនិចថា កម្ពុជាមិនស្លាប់ដោយសារគ្មាន EBA នោះទេ ហើយថា កម្ពុជាក៏បានដឹងថា តាមស្ថានភាពអភិវឌ្ឍរបស់ខ្លួន នាពេលបច្ចុប្បន្ននេះគឺ កម្ពុជានឹងបាត់បង់ EBA ដោយស្វ័យប្រវត្តិនៅឆ្នាំ២០២១ ឬឆ្នាំ២០២៣យ៉ាងយូរ។ បើតាមអ្នកនាំពាក្យរូបនេះ អ្វីដែលប្រកាសដោយ EU គឺនៅឆ្លងដំណាក់កាលច្រើនទៀត ដែលលោកជឿថា កម្ពុជានៅមានពេលជួបអ្នកបច្ចេកទេស EU ថែមទៀត ។
ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប បានកំណត់មិនយកពន្ធលើផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ ដែលកម្ពុជានាំទៅលក់នៅទីផ្សាររបស់ខ្លួន។ សហភាពអឺរ៉ុប បានភ្ជាប់ប្រព័ន្ធអនុគ្រោះពន្ធ ទៅនឹងលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងសិទ្ធការងារ ។ របាយការណ៍របស់គណកម្មការអឺរ៉ុបដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង៦ពាន់លានដុល្លា ហើយអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំទី២របស់កម្ពុជា។ របាយកាណ៍ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ត កាលពីចុងឆ្នាំ២០១៧ បង្ហាញថានៅឆ្នាំ២០១៦កម្ពុជាចំណេញប្រាក់ពីការមិនបង់ពន្ធនៅពេលនាំទំនិញចូលទីផ្សារអឺរ៉ុបបានចំនួន៦៧៦លានដុល្លា៕