សង្គមស៊ីវិល និងអាជ្ញាធរអះអាងផ្សេងគ្នាចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឲ្យក្រុមហ៊ុនឯកជនមួយ កាយដីចេញពីឆ្នេរសមុទ្រខេត្តព្រះសីហនុ បន្ទាប់ពីរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុននោះបានចាក់ដីរំលោភយកឆ្នេរសមុទ្រ។
កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យក្រសួងរៀបចំដែនដីចាត់វិធានការកាយដីចេញពីឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុចេញវិញ ដោយថា ដើម្បីរក្សាឆ្នេរនេះឲ្យមានលក្ខណធម្មជាតិដូចដើម។
ប៉ុន្តែ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) លោក សុខ សុខុម មានប្រសាន៍ថា ក្រុមហ៊ុនមិនបានកាយដីចេញពីឆ្នេរសមុទ្រទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តីនោះទេ ប៉ុន្តែ ក្រុមហ៊ុនបែបជាធ្វើរបងហ៊ុំព័ទ្ធដីដែលបានចាក់លុបឆ្នេរនោះទៅវិញ។ លោកបន្តថា ប្រសិនបើក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នោះ ប៉ុន្តែ មិនមែនធ្វើការអភិវឌ្ឍន៍ដោយការចាក់ដីលុបឆ្នេរសមុទ្រនោះទេ។
លោកថា៖ «ឯកឧត្ដម ជា សុផារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចុះមកពិនិត្យ និងកាយអាចម៍ដីនៅទីតាំងនេះឡើងវិញហើយ ប៉ុន្តែ តាំងពីពេលនោះរហូតមកដល់នេះ មិនទាន់ឃើញមានចំណាត់ការថា កាយអាចម៍ដីនេះឡើងវិញនៅឡើយទេ។ បច្ចុប្បន្ន អាចម៍ដីហ្នឹងនៅដដែល មានចាក់ពង្រាបខ្សាច់នៅលើទីតាំងដីដែលបានចាក់ហ្នឹងដដែល និងធ្វើរបងថ្មព័ទ្ធនៅលើដីហ្នឹង មិនទាន់មានវិធានការកាយដី ហើយដកហូតទុកជាសម្បត្តិរដ្ឋវិញនៅឡើយទេ»។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឱ សារឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា ដីដែលលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យកាយចេញពីឆ្នេរនោះ ពិតជាមិនទាន់ធ្វើបានមួយរយភាគរយទេ ហើយលោកក៏បានទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានធ្វើរបងហ៊ុំព័ទ្ធនៅតំបន់នោះមែន ប៉ុន្តែថា អាជ្ញាធរនឹងជំរុញបន្ថែមទៅឲ្យក្រុមហ៊ុ និងគោរពទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់។
លោកថា៖ «យើងឃើញថា គាត់បានធ្វើហើយជាក់ស្ដែង ប៉ុន្តែ ឲ្យបានទាំងស្រុងឬក៏យ៉ាងណានោះ វាទាមទារទៅបច្ចេកទេសដែលគាត់មានសិទ្ធិក្នុងការវិនយោគ អនុវត្តនៅម្ដុំឆ្នេរហ្នឹង។ ក្នុងករណីដែលគាត់ធ្វើមិនបានត្រឹមត្រូវដែលគាត់ទទួលសិទ្ធិច្បាប់អនុញ្ញាត គាត់ត្រូវតែបន្តធ្វើឲ្យទាន់ឲ្យបានត្រឹមត្រូវ។ អ្វីដែលខុសច្បាប់ អាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ និយាយទៅ អាជ្ញាធរតែងសង្កេតមើល វាត្រូវការពេលវេលាដែរ គឺមិនអាចថា ធ្វើបានភ្លាមៗហ្នឹងកើតទេ។ សំណូមពរក្រុមហ៊ុន គឺថា ត្រូវតែធ្វើភ្លាមឲ្យហើយនោះដែរ»។
នៅពេលសួរថា តើក្រុមហ៊ុននេះ កាយដីចេញពីឆ្នេរបានប៉ុន្មានភាគរយហើយនោះ លោកសុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកមិនទាន់ទទួលរបាយការណ៍ពីក្រុមជំនាញដែលធ្វើកិច្ចការនេះនៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ ដោយថា ទុកតួនាទីនេះឲ្យគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរ ជាអ្នកធ្វើការដោះស្រាយ។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨កញ្ញាថា លោក ហ៊ុន សែន បានចេញបញ្ជាទៅរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យចុះត្រួតពិនិត្យឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ហើយបានរកឃើញថា ឆ្នេរសមុទ្រមួយនេះ ត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០ រៀល (ប្រាំលានរៀល) ដល់ ៥០, ០០០,០០០ រៀល (ហាសិបលានរៀល) ឬ /និងផ្ដន្ទាទោសពី ១ ឆ្នាំដល់ ៥ឆ្នាំ៕