លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថាលោកបានអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងវេលាសមស្របណាមួយ។
ការអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិធមនុស្សលោកស្រី មីសែល បាសែឡែត (Michelle Bachelet ) ធ្វើឡើងក្នុងជំនួបរវាងលោកហ៊ុន សែន និងឧត្តមស្នងការអង្គការសហប្រជាជាតិរូបនេះនាទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីម្សិលមិញនេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានលើកឡើងផងដែរថាបើទោះបីកម្ពុជានិងអង្គការសហប្រជាជាតិមានជំហខុសគ្នាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សប៉ុន្តែកម្ពុជានៅតែមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការនេះ។
លោកហ៊ុនសែន បានសរសេរក្នុងទំព័រហ្វេសហ៊ុករបស់លោកយ៉ាងដូច្នេះថា៖
« បើទោះបីយើងមានគោលជំហរ ខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀត របស់ការិយាល័យ សិទ្ធិមនុស្សប្រចាំកម្ពុជា។»
ក្នុងជំនួបទ្វេភាគីនោះដែរ លោកនាយរដ្ឋមន្រ្តីហ៊ុន សែន ក៏បានស្នើឲ្យមានកិច្ចសហការលើបញ្ហាទ្ធមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់មុននឹងវាយតម្លៃដោយមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ។
គួរបញ្ជាក់ផងដែថា លោកហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោក ហ៊ុន សែន នឹងធ្វើដំណើរចាកចេញពីប្រទេសស្វីសនៅថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៨៕