នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អះអាងថា មហាអំណាចចិននឹងមិនលើកទ័ពមកឈ្លានពានកម្ពុជា ដូចមជ្ឈដ្ឋានប្រឆាំងមួយចំនួនបានរិះគន់នោះទេ ខណៈជនជាតិចិននៅតែបន្តហូរចូលមកកម្ពុជា ។
ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះចំណាលជាមួយអ្នកគាំទ្រមួយក្រុម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃម្សិលមិញ។
ក្នុងពិធីនោះ លោក ហ៊ុន សែន ចាត់ទុកលំហូរជនជាតិចិនមកកម្ពុជា ថាជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញផ្នែកវិនិយោគ។ លោកថាពិសេសវិស័យសំណង់នៅខេត្តព្រះសីហនុ ដែលថា ធ្វើឲ្យអាគារថ្មីៗទំនើបៗជាច្រើនកំពុងកសាងឡើងក្នុងរយៈពេលដ៏ខ្លីនេះ។
លោក ហ៊ុន សែន ថ្លែងទៀតថា ចំណែកវិស័យទេសចរណ៍វិញ ចិនក៏មានចំនួនច្រើនជាងគេ រហូតដល់១លាន២សែននាក់កាលពីឆ្នាំមុន និងថាឆ្នាំបន្ទាប់នឹងកើនឡើងដល់១លានកន្លះ។
មេដឹកនាំរូបនេះ បញ្ជាក់ទៀតថា ជនជាតិចិនទាំងនោះមិនអាចរស់នៅកម្ពុជាបានរហូតក្នុងបំណងឈ្លានពានកម្ពុជាដូចមជ្ឈដ្ឋានប្រឆាំងតែងតែរិះគន់រដ្ឋាភិបាលនោះទេ ដោយថា កម្ពុជាមានច្បាប់សម្រាប់ទប់ស្កាត់ ។
លោកថា៖«ដល់គេអត់មកវិនិយោគវាថា គេអត់មកវិនិយោគ។ ដល់គេមកវិនិយោគ វាថាគេមកឈ្លានពាន។ នែ៎! វាទៅជាអញ្ចឹង អានេះឆ្កួតឡប់អីវា។ យើងជារដ្ឋអធិបតេយ្យ សូមបញ្ចាក់! ខ្ញុំនិយាយដោយត្រង់ ចិនមិនដែលនាំកងទ័ពចេញផុតពីទល់ដែនរបស់ខ្លួនទេ ប្រទេសដទៃនាំកងទ័ពចូលឈ្លានពានកម្ពុជា ប៉ុន្មានដងហើយមើលទៅឃើញហើយ។»
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ការធ្វើអាណានិគមបែបថ្មី គេមិនចាំបាច់លើកទ័ពមកឈ្លានពានកម្ពុជាត្រង់ៗដូចពីសម័យដើមនោះទេ។ លោកថាការធ្វើអាណានិគមបែបសម័យទំនើប គឺគេគ្រាន់តែបើកផ្លូវឲ្យពលរដ្ឋគេបានចូលមកធ្វើអាជីវកម្មដណ្តើមការងារពលរដ្ឋកម្ពុជា ឬបញ្ជ្រាបជនជាតិគេ ឲ្យបានចូលបម្រើក្នុងស្ថាប័នរដ្ឋ លោកថា ពេលនោះ បន្ទាត់នយោបាយហាក់បានគ្រប់គ្រងកម្ពុជារួចបាត់ទៅហើយ។
លោកថា៖«សម័យនេះ គេឈ្លានពានមិនមែនយកអាវុធមកវាយយើងទេ?។ គេឈ្លានពានតាមរយៈបញ្ជូនពលរដ្ឋគេមក គេធ្វើម៉េចឲ្យពលរដ្ឋគេមានការងារ សេដ្ឋកិច្ចគ្រួសារគេមានកម្រិតខ្ពស់ កូនចៅគេអាចរៀនបាន ដូច្នេះអនាគត ពួកគេជាអ្នកដឹកនាំប្រទេស»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី និយាយថា ការទាក់ទាញអ្នកវិនិយោគចិនឲ្យមករកស៊ីនៅកម្ពុជា ជារឿងល្អមួយ ព្រោះវាបានបង្កើតការងារនៅក្នុងស្រុកបន្ថែមទៀត ដល់ពលរដ្ឋខ្មែរ។
ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា អ្នកជំនួញចិន មិនបានភ្ជាប់លក្ខខណ្ឌគោរពសិទ្ធិមនុស្សក្នុងមុខជំនួញរបស់ខ្លួន ដូចអ្នកជំនួញប្រទេសលោកសេរីទេ។ លោកថាបញ្ហានេះ ច្រើនបង្កឲ្យមានជម្លោះដីធ្លី និងការបណ្តេញចេញទាំងបង្ខំ បើអាជ្ញាធរខ្មែរគ្មានលទ្ធភាពទប់ស្កាត់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីខែមុន បានចេញបញ្ជាឲ្យបង្កើតក្រុមប្រតិបត្តិការ ជួយទប់ស្កាត់បទល្មើសនៅខេត្តព្រះសីហនុ ជាតំបន់វិនិយោគជាប់មាត់សមុទ្រខ្មែរ ដោយបង្ហាញការព្រួយបារម្ភថា ការហក់ឡើងយ៉ាងគំហុកភ្ញៀវទេសចរណ៍ចិន បានបង្កជា បទល្មើស ចោរកម្ម គ្រឿងញៀន ចាប់ជម្រិត អនាម័យ និងបរិស្ថាន ជាដើម ដោយថាខេត្តជាប់សមុទ្រមួយនេះ មិនទាន់ត្រៀមលក្ខណៈ បានគ្រប់គ្រាន់នៅឡើយ។