តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក ជាម ច័ន្ទនី បានទទួលមរណភាព កាលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរោគាពាធ។
ក្រោយពីទទួលបានដំណឹងមរណភាពរបស់លោក ជាម ច័ន្ទនី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនិងអតីតមន្រ្តីគណបក្សនេះបានសរសេរសារបង្ហាញក្តីរន្ធត់ ក្រៀមក្រំ ដោយថាមរណៈភាពនេះ ជាការបាត់បង់អ្នកស្នេហាជាតិដ៏ក្លាហាន ស្មោះត្រង់ ហ៊ានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា ដើម្បីបុព្វលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព និងផលប្រយោជន៍ប្រជាជនខ្មែរជាដើម។
លោក ជាម ច័ន្ទនី កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦១ និងមានដើមកំណើតនៅ ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកមានប្រពន្ធឈ្មោះ ថេង ស្រីពៅ និងមានកូនស្រីម្នាក់ឈ្មោះ គីម ច័ន្ទណា អាយុ២៦ឆ្នាំ។
តាមការរៀបរាប់របស់អ្នកស្រី សំណាង ប្អូនស្រីបង្កើតលោក ជាម ច័ន្ទនី អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ នៅកំឡុងឆ្នាំ១៩៩១ លោកធ្លាប់បានបម្រើការងាររដ្ឋ ដោយធ្វើជាទាហាននៅអង្គភាពកងទ័ពឆ័ត្រយោង៩១១ និងធ្លាប់បង្រៀនគួរអង់គ្លេសបានចំនួនពីរឆ្នាំ។
ក្រោយមកនៅឆ្នាំ១៩៩៣ លោកសម្រេចចិត្តឈប់ធ្វើជាទាហាន ហើយចូលធ្វើនយោបាយជាមួយគណបក្សខ្មែរអព្យាក្រឹតដែលដឹកនាំដោយលោក ប៊ូ ហែល ដោយឈរឈ្មោះធ្វើជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៅក្នុងអាណត្តិទី១។ បន្ទាប់មកលោកបានសុំលាឈប់ពីបក្សនេះនៅឆ្នាំ១៩៩៥ រួចទៅធ្វើជាប្រធានគណៈកម្មាធិការនាយកគណបក្សជាតិខ្មែរ ដែលដឹកនាំដោយលោក សម រង្ស៊ី។
នៅក្នុងឆ្នាំ១៩៩៧ លោក ច័ន្ទនី បានរងរបួសជើងខាងស្តាំនៅអំឡុងឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកមុខរដ្ឋសភាចាស់ ដែលនៅគ្រានោះ លោក សម រង្ស៊ី និងរូបលោកបានដឹកនាំបាតុករធ្វើបាតុកម្មទាមទារឲ្យតុលាការឯករាជ្យ។
នៅឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរនេះ បានដូរឈ្មោះទៅជា គណបក្ស សម រង្ស៊ី។ នៅពេលបោះឆ្នោតជាតិឆ្នាំ១៩៩៨ លោក ច័ន្ទនី បានជាប់តំណាងរាស្រ្តគណបក្ស សម រង្សី ប្រចាំមណ្ឌលបាត់ដំបង។
នៅអាណត្តិទី២ និងទី៣ ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ លោក ច័ន្ទនី បានមកធ្វើជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាមវិញ។ លុះដល់ចុងអាណត្តិ៤ គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោក កឹម សុខា បានច្របាច់បញ្ជូលគ្នាទៅជា គណបក្សសង្គ្រោះជាតិ។ នៅពេលបោះឆ្នោតឆ្នាំ២០១៣ លោក បានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ ។
គួររំលឹកផងដែរថា លោក ច័ន្ទនី ក៏ធ្លាប់ជាប់ពន្ធនាគារម្តងដែរកាលពីឆ្នាំ២០០៥ ដែលនៅពេលនោះរដ្ឋាភិបាលបានចោទលោកថា បានបង្កើតកងទ័ពស្រមោលខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
អ្នកស្រី សំណាង ប្អូនស្រីបង្កើតលោក ជាម ច័ន្ទនី អង្គុយនៅមុខសពលោក ច័ន្ទនី នាព្រឹកថ្ងៃទី២៦ ខែតុលានេះ បានរៀបរាប់ថា ក្នុងឆាកជីវិតបងប្រុសរបស់គាត់មិនដែលត្អូញត្អែរពីការលំបាក នៅពេលចូលប្រលូកក្នុងឆាកនយោបាយនោះទេ ដោយអ្នកស្រីថា លោកហ៊ានលះបង់ទាំងពេលវេលា គ្រួសារ សាច់ញាតិដើម្បីធ្វើនយោបាយនេះផងដែរ។
អ្នកស្រីរៀបរាប់ដូចនេះថា៖ «គាត់លះបង់ទាំងគ្រួសារ ទាំងបងប្អូន និយាយថា គាត់ដើរចោលបងប្អូន គាត់និយាយហើយ គាត់តស៊ូ ដើម្បីការផ្លាស់ប្តូរមួយឲ្យមានយុត្តិធម៌សង្គម »។
ឈរនៅមុខច្រកចូលផ្ទះបុណ្យសព គឺតំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ លោក កង គឹមហាក់ បានរៀបរាប់ថា លោក ជាម ច័ន្ទនី ជាបុគ្គលស្នេហាជាតិមួយរូប ស្មោះត្រង់មាតុភូមិជាង២០ឆ្នាំកន្លងទៅនេះ ហើយស្រលាញ់ការងារនយោបាយ លះបង់ពេលវេលាជួយប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌សង្គម រហូតដល់ជាប់ពន្ធនាគារ និងរងរបួសកាលពីឆ្នាំ១៩៩៧ នៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅក្បែររដ្ឋសភាចាស់ជាដើម។
លោក គឹមហាក់ អះអាងថា កាលដែលលោក ច័ន្ទនី នៅរស់ គាត់តែងតែផ្តាំផ្ញើទៅកូនចៅខ្មែរជំនាន់ក្រោយ ជាពិសេសអ្នកនយោបាយអតីតបក្សសង្គ្រោះជាតិទាំងអស់ ចេះតស៊ូ ស្មោះត្រង់នឹងជាតិ ដើម្បីកុំឲ្យបរទេសឈ្លានពានទឹកដីកម្ពុជាជាដើម។
លោករៀបរាប់ថា«មុនដែលគាត់[ជាម ច័ន្ទនី]វះកាត់ គាត់បានប្រាប់ខ្ញុំដែរ សុំឲ្យអ្នកនយោបាយទាំងអស់ធ្វើម៉េច គិតជាតិជាធំ គិតប្រជាពលរដ្ឋជាធំ សុំឲ្យអ្នកនយោបាយទាំងអស់រួបរួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួយដល់ប្រទេសជាតិយើង ដើម្បីកុំឲ្យបរទេសឈ្លានពាន ដើម្បីកុំឲ្យមានអយុត្តិធម៌សង្គមគ្រប់បែបយ៉ាង»។
អ្នកនាង គីម ច័ន្ទណា ជាកូនបង្កើតលោក ជាម ច័ន្ទនី អង្គុយរៀបរាប់ទាំងទឹកភ្នែករលីងរលោងនៅមុខសពឪពុកថា ឪពុករបស់គាត់ជាមេគ្រួសារដ៏ល្អ ជួយផ្តត់ផ្គង់ឲ្យកូនបានរៀនចប់ និងមានការងារល្អធ្វើ រហូតមកទល់ពេលនេះ។
អ្នកនាងរៀបរាប់ថា«ពេលខ្ញុំយកទៅពេទ្យ ខ្ញុំគិតថា នឹងបានយកគាត់ត្រឡប់មកផ្ទះវិញ ជាការពិតអត់អាចទេ។ ខ្ញុំសោកស្តាយ ខ្ញុំអត់បានសងគុណគាត់[…]តបស្នងសងគុណដែលគាត់បានចិញ្ចឹមខ្ញុំតាំងពីតូចរហូតមកដល់ពេលឥឡូវ»។
បច្ចុប្បន្នសពលោក ជាម ច័ន្ទនី ត្រូវបានតម្កល់នៅផ្ទះ៨៣ ផ្លូវSOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន៣យប់ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ លុះដល់ថ្ងៃព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា សាច់ញាតិអះអាងថា សពរបស់តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិរូបនោះ នឹងហែរចេញពីភ្នំពេញវេលាម៉ោង៨ព្រឹក ដើម្បីយកទៅបញ្ចុះនៅស្រុកកំណើតរបស់លោក ស្ថិតនៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕