រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំមន្ត្រីថ្នាក់ក្រោម កុំឲ្យរឹតត្បិតសកម្មភាពរបស់អង្គការសង្គមស៊ីវិល ដោយថា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាតិ ខណៈមានការរិះគន់ថា លំហសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យកំពុងរួមតូច។
តាមសេចក្តីណែនាំចុះថ្ងៃទី៣១ ខែតុលាម្សិលមិញ លោក ស ខេង លើកឡើងថា រដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លោកថា អង្គការសង្គមស៊ីវិល សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន៖
«មានសិទ្ធិសេរីភាពពេញលេញធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាននានាជាធរមាន និងស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយគ្មានការរារាំងនិងរំលោភបំពានបានឡើយ»។
លោក ស ខេង បញ្ជាក់ក្នុងលិខិតនោះថា បើមានការរារាំង ឬរឹតត្បិតពីអាជ្ញាធរមូលដ្ឋាន សង្គមស៊ីវិលត្រូវរាយការណ៍ករណីនេះ ទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីជួយសម្របសម្រួលនិងដោះស្រាយ។
លោក ស ខេង រំឭកមន្ត្រីថា ដើម្បីលើកកម្ពស់ការចូលរួម និងកិច្ចសហការជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហគមន៍នានានៅមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ ត្រូវសម្របសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់។
លោក ស ខេង បានក្រើនរម្លឹកមន្ត្រីអាជ្ញាធរថ្នាក់ក្រោមបែបនេះ ចំពេលដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកានេះ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បានចាត់ទុកសេចក្តីណែនាំនេះថា ជាសញ្ញាវិជ្ជមានមួយ រំឭកដល់មន្ត្រីឲ្យយល់ពីតម្លៃនៃការចូលរួមអភវិឌ្ឍជាតិរបស់ក្រុមអង្គការសង្គមស៊ីវិលឡើងវិញ។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ខ្លួននៅតែព្រួយបារម្ភពីប្រសិទ្ធិភាពនៃការអនុវត្ត ដោយលោកកត់សម្គាល់ថា អាជ្ញាធរភាគច្រើនមានទម្លាប់អនុវត្តតាមបញ្ជារបស់ថ្នាក់លើ ច្រើនជាជាងអនុវត្តច្បាប់។
លោកថា៖ «ជាផ្នត់គំនិត រវាងអាជ្ញាធរមូលដ្ឋាន ជាមួយអង្គការសង្គមស៊ីវិលហ្នឹង វាហាក់ដូចជាមិនទាន់បានយល់គ្នាឲ្យបានច្បាស់លាស់ទេ។ អាជ្ញាធរមូលដ្ឋានហ្នឹងទី១ របៀបភ័យខ្លាចសកម្មភាពរបស់អង្គការសង្គមស៊ីវិល។ ទី២ គឺគាត់មានអាបទបញ្ជាចាស់ៗហ្នឹង ធ្វើឲ្យអនុវត្តទៅវាប៉ះបាល់ដល់សកម្មភាពការងារ របស់អង្គការហ្នឹង។ អញ្ចឹងទោះបីលិខិតនេះចេញ សួរថាតើគាត់យល់ដឹងហើយឬនៅអំពីសកម្មភាពផ្សេងៗដែលគាត់អាចអនុវត្តទៅមិនជ្រៀតជ្រែកនោះ»។
ប្រហាក់ប្រហែលគ្នានេះដែរ អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា សេចក្តីណែនាំរបស់រដ្ឋាភិបាលនេះ បង្ហាញពីការជំរុញយន្តការប្រជាធិបតេយ្យឡើងវិញ ក្រោយពីមន្ត្រីសង្គមស៊ីវិលមួយចំនួន ត្រូវរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ និងខ្លះទៀតត្រូវរដ្ឋាភិបាល បណ្តេញចេញពីកម្ពុជា ដូចជាអង្គការ NDI របស់សហរដ្ឋអាមេរិក និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនជាដើម។
ប៉ុន្តែ អ្នកវិភាគរូបនេះ យល់ថា សេចក្តីណែនាំនេះ មិនអាចព្យាបាលជំងឺចាស់ឲ្យជាសះស្បើយទេ ដរាបណារដ្ឋាភិបាលមិនធ្វើឲ្យមានការប្រកួតប្រជែងផ្នែកនយោបាយ ឲ្យមានតម្លាភាពឡើងវិញនោះ។
លោកថា៖ «ខ្ញុំថា ជាភាពវ័យឆ្លាតមួយដែរ ប៉ុន្តែ ការធ្វើប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ វាត្រូវមានកត្តាផ្សេងៗទៀតដែលអាចធ្វើឲ្យរដ្ឋាភិបាលហ្នឹងផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុបវិញ។ អ្វីដែលអឺរ៉ុបចង់បាន គឺមានតែ៣ទេសំខាន់ៗ គឺទី១ គេចង់ឲ្យប្រទេសកម្ពុជាហ្នឹង ត្រូវតែមានគណបក្សប្រឆាំងឡើងវិញ ហើយធ្វើការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។ អាហ្នឹង គឺជាអ្វីដែលអន្តរជាតិចង់បាន»។
ភាពចម្រូងចម្រាសនៃបញ្ហានយោបាយជាង១ឆ្នាំមកនេះ ជំរុញឲ្យសហគមន៍អន្តរជាតិបង្ហាញការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ ធ្វើឲ្យសិទ្ធិជាមូលដ្ឋានត្រូវបានរឹតត្បិតនិងគំរាមកំហែង។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងសហភាពអន្តរសភា IPU បានដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ដោយទាមទារឲ្យអតីតគណបក្សប្រឆាំងបានដំណើរការឡើងវិញ និងបើកលំហប្រជាធិបតេយ្យ៕