សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា សិស្សសាលាជាង ៥០នាក់នៅអនុវិទ្យាល័យមួយក្នុងស្រុកស្ទោង បានធ្លាក់ទៅជាមានអការៈក្អួតចង្អោរ និងទាន់ដៃជើង ដោយសង្ស័យថា ពួកគេពុលអាហារដែលលក់នៅក្នុងសាលារៀននោះ។
អធិការស្រុកស្ទោង លោក យ៉ង់ សំ ប្រាប់វីអូឌីតាមទូរស័ព្ទថា សិស្ស ៥២នាក់ រៀននៅសាលាអនុវិទ្យាល័យពង្រ ស្ថិតក្នុងភូមិចេក ឃុំកំពង់ចិនជើង បានដួលសន្លប់ និងក្អួតចង្អោរនៅថ្ងៃនេះ បន្ទាប់ពីសិស្សានុសិស្សទាំងនោះបរិភោគបាយស្រូបដែលលក់នៅសាលារៀន។
លោក យ៉ង់ សំ បន្តថា ក្រោយពីលោកគ្រូអ្នកគ្រូផ្តល់ព័ត៌មានអំពីបញ្ហានេះ អាជ្ញាធរ និងក្រុមគ្រូបង្រៀន បានបញ្ជូនសិស្សទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
លោកអះអាងថា រហូតមកដល់ម៉ោង ៥ល្ងាចនេះ សិស្សទាំងនោះបានធូរស្បើយវិញអស់ហើយ ដោយមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតសិស្សណាម្នាក់នោះឡើយ។
ប៉ុន្តែ អធិការស្រុករូបនេះ មិនទាន់អាចបញ្ជាក់ថា សិស្សទាំងនោះពុលដោយសារអ្វីពិតប្រាកដនៅឡើយទេ ដោយថា សំណាកដែលយកទៅពិនិត្យរកមូលហេតុនោះមិនទាន់ចេញលទ្ធផលនៅឡើយ៕