អង្គការអន្ដរជាតិចំនួន២ បានសាទរចំពោះសេចក្ដីសម្រេចរបស់សាលាក្ដីខ្មែរក្រហម ដែលបានផ្ដន្ទាទោសអតីតមេដឹកនាំសម័យខ្មែរក្រហម២រូបឲ្យជាប់ពន្ធនាគារមួយជីវិត ប៉ុន្ដែ ក៏បានរិះគន់ផងដែរពីភាពយឺតយ៉ាវ និងយុត្ដិធម៌ដែលសាលាក្ដីមួយនេះរកបាន។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមបានសម្រេចលើសាលក្រមទី២ ដោយឲ្យអតីតមេដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហម គឺលោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ផ្នែកទី២ ដោយថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដូចជា ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បានចាត់ទុកសេចក្ដីសម្រេចរបស់សាលាក្ដីខ្មែរក្រហមនេះថា បានផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងសម័យនោះ ហើយក៏បង្ហាញថា ជនដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ មិនអាចរួចផុតពីការកាត់ទោសបែបនេះនោះទេ។
ប៉ុន្ដែ អង្គការលើកលែងទោសអន្ដរជាតិ បានរិះគន់ថា នេះគឺជាការផ្ដល់យុត្តិធម៌ដ៏ជូរចត់មួយ និងថា ពិភពលោកទាំងមូលបានទន្ទឹងរង់ចាំពេលវេលានេះជាយូរយារណាស់មកហើយ។ អង្គការមួយនេះ រិះគន់ទៀតថា សាលាក្ដីខ្មែរក្រហមគួរតែធ្វើបានច្រើនជាងនេះ ចាប់តាំងពីសាលាក្ដីបានបង្កើតឡើងនៅឆ្នាំ២០០៥ ខណៈដែលសាលាក្ដីកូនកាត់មួយនេះចំណាយអស់ប្រាក់ជាង ៣០០លានដុល្លារអាមេរិក។
បើតាមសេចក្ដីសម្រេចនោះ សាលាក្តីខ្មែរក្រហមរកឃើញថា លោក នួន ជា ធ្លាប់កាន់តំណែងជាអ្នកសម្រេចចិត្តកំពូលជំនួសលោក ប៉ុល ពត ពេលលោក ប៉ុល ពត សុំច្បាប់សម្រាក។
ចំណែក លោក ខៀវ សំផន គឺធ្លាប់បំពេញការងារពង្រឹង និងលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោម ធ្លាប់ដឹកនាំអ្នកការទូតក្នុងនាមជាប្រមុខរដ្ឋ និងចាត់ចែងការងារសំខាន់ៗមួយចំនួនទៀត។ តុលាការក៏បានចាត់ទុកថា លោក ខៀវ សំផន ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ដោយថា បានដឹងនិងចូលរួមក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម៕