សហរដ្ឋអាមេរិក ជំរុញជាថ្មីទៀតឲ្យកម្ពុជាផ្សះផ្សាជាតិឡើងវិញ ដោយស្នើឲ្យមានការដោះលែងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា និង បញ្ចប់ការហាមប្រាមគណបក្សប្រឆាំងជាដើម។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ លោក William A. Heidt បានចូលជួបសម្ដែងការគួរសម និង ជំរាបលា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នាថ្ងៃទី២០ ខែវិច្ឆិកានេះ ។ ក្នុងពិធីនោះ លោក William A. Heidt ក្រៅពីរំឭកភាពវិជ្ជមាននៃទំនាក់ទំនងការទូត របស់ប្រទេសទាំងពីរ មន្ត្រីជាន់ខ្ពស់ការទូតរូបនេះ ក៏បានជំរុញលោក ហ៊ុន សែន ឲ្យដោះលែងលោក កឹម សុខា ឲ្យមានការផ្សះផ្សាជាតិឡើងវិញ បន្ធូរបន្ថយការរឹតត្បិតលើសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា៖
«លោកឯកអគ្គរដ្ឋទូត Heidt បានកត់សំគាល់ថា លោកមានការលើកទឹកចិត្តដោយសារជំហានវិជ្ជមានក្នុងពេលថ្មីៗនេះ ដែលរួមមានការបន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការទាក់ទងនឹងឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិក ហើយបានលើកទឹកចិត្តអោយរដ្ឋាភិបាលកម្ពុជាបន្តកែលំអចំណងទាក់ទងទ្វេភាគី ដែលរួមមានការជំរុញការផ្សះផ្សាជាតិ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបន្ធូរបន្ថយការរឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។»
លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោក តែប៉ុន្មានម៉ោងក្រោយជំនួបថា អ្វីដែលសំខាន់កម្ពុជា៖
«ស្នើឲ្យមានការសន្ទនារវាងប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នា ក្នុងការរក្សានូវទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត»។
ទំនាក់ទំនងការទូត រវាងកម្ពុជា និងសហរដ្ឋអាមេរិក មួយរយៈចុងក្រោយនេះ បានឡើងកម្តៅ ក្រោយពីមានចំណាត់ការចាប់ឃុំខ្លួន លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ ចាប់អ្នកឃ្លាំមើលសិទ្ធិមនុស្សអាដហុក បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម ។
អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sullivan នៅកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសសិង្ហបុរី កាលពីសប្តាហ៍មុន បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដែរថា អាមេរិកបារម្ភពីសិទ្ធិធ្វើនយោបាយ សិទ្ធិអង្គការសង្គមស៊ីវិល និងសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តកម្ពុជាឲ្យកែទម្រង់បញ្ហានេះ ដើម្បីលើកស្ទួយមិត្តភាពប្រទេសទាំងពីរ។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា ការជំរុញជាថ្មីទៀតរបស់សហរដ្ឋអាមេរិកនេះ បង្ហាញថា មហាអំណាចមួយនេះនឹងមិនទុកកម្ពុជាចោលដូចពីអតីតកាលទេ ។ លោកថា បើមេដឹកនាំកម្ពុជានៅតែព្រងើយកន្តើយពីការជំរុញឲ្យស្តារប្រជាធិបតេយ្យ វិធានដាក់ទណ្ឌកម្មពីលោកសេរីនឹងចូលមកដល់នៅប៉ុន្មានខែខាងមុខនេះ។
លោកថា៖ «ខែ១ឬខែ២ នឹងមានចំណាត់ការផ្សេងៗពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហើយ ដូចជាការបង្កកទ្រព្យសម្បត្តិ ការបិទទិដ្ឋាការមន្ត្រីឥស្សរជននយោបាយដែលបណ្តាប្រទេសសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកលើកឡើង ដែលពាក់ព័ន្ធនឹងរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យហើយ មុននឹងឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធEBA»។
កាលពីខែកញ្ញា ឆ្នាំ២០១៧ អាមេរិក បានផ្អាកការចេញទិដ្ឋាការឲ្យមន្ត្រីនៅក្រសួងការបរទេសកម្ពុជា ចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូល និងសមាជិកគ្រួសាររបស់ពួកគេ។ វិធានការនេះធ្វើឡើងក្រោយពីកម្ពុជា ស្នើឲ្យអាមេរិកពិចារណាឡើងវិញ ទាក់ទងនឹងការបញ្ជូនជនជាតិខ្លួនដែលរស់នៅអាមេរិកហើយបានប្រព្រឹត្តកំហុស ឲ្យត្រឡប់មករស់នៅកម្ពុជាវិញ។ ប៉ុន្តែមកដល់ពេលនេះ ទណ្ឌកម្មទិដ្ឋាការនោះ អាមេរិកមិនទាន់លុបចោលទេ ទោះបីកម្ពុជាប្រកាសគោរពតាមកិច្ចព្រមព្រៀងដែលចុះជាមួយអាមេរិកាលពីឆ្នាំ២០០២ឡើងវិញក៏ដោយ។
កាលពីខែសីហា អាមេរិក បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលការបោះឆ្នោតនោះ គ្មានបក្សប្រឆាំងចូលរួម ព្រមទាំងព្រមាន ពង្រីកវិធានការដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលមួយចំនួន បន្ថែមទៀត បើមិនស្តារប្រជាធិបតេយ្យឡើងវិញ៕