ជនរងគ្រោះម្នាក់គឺលោក ជៀច រ៉ាវី ដែលអះអាងថា បានរស់រៀនមានជីវិតពីព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ កាលពី៨ឆ្នាំមុន នៅតែបង្ហាញអារម្មណ៍ភ័យខ្លាច និងចងចាំព្រឹត្តិការណ៍មួយនេះ។ យុវជនដែលសព្វថ្ងៃមានអាយុ២៩ឆ្នាំ រំលឹកថា កាលនោះ លោកត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមិត្តភក្ដិសម្លាញ់របស់គាត់ម្នាក់បានស្លាប់ក្នុងព្រឹត្តិការណ៍នេះ។
នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ពោលគឺកាលពី៨ឆ្នាំមុន មនុស្សប្រមាណ ៣៥០នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់ទៀត បានរងរបួសក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលជាយប់ថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក។
ភ្លាមៗក្រោយព្រឹត្តិការណ៍នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ ត្រូវបានដាក់ទណ្ឌកម្ម ឬដកចេញពីតំណែងនោះទេ ដោយលោកបានហៅសោកនាដកម្មនេះថា ជាកំហុសរួម ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើរឿងនេះ និងជំរុញឲ្យមានការ ទទួលខុសត្រូវ៕