រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អនុញ្ញាតឲ្យ អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ អាចធ្វើសកម្មភាពបានដោយសេរី មិនចាំបាច់ជូនដំណឹងជាមុនទៅអាជ្ញាធរទៀតនោះទេ។
លោក ស ខេង ឲ្យដឹងតាមលិខិតណែនាំចុះថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៨ នេះថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង ភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នៅមូលដ្ឋាន ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ពួកគេមានសិទ្ធិធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ និងលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅ ក្រសួងមហាផ្ទៃ«ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃ មុនពេលចាប់ផ្តើមធ្វើសកម្មភាពដូចមុននោះឡើយ»។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ចាត់ទុកការណែនាំរបស់ក្រសួងមហាផ្ទៃនេះថា ជាចរន្តបើកលំហូរសេរីភាពសង្គមស៊ីវិលឡើងវិញ បន្ទាប់ពីសមាគមនេះត្រូវបានរាំរាំងសូម្បីតែបើកវគ្គបណ្តុះបណ្តាលពលរដ្ឋពីរបៀបចឹញ្ចឹមមាន់ក៏ត្រូវបានហាមឃាត់ដែរនោះ។
លោកថា៖ «យើងស្នើឲ្យអាជ្ញាធរមូលដ្ឋានកុំមើលមកការបំពេញការងាររបស់អង្គការសង្គមស៊ីវិលថាជាក្រុមប្រឆាំង ឬថាជាក្រុមបដិវត្តពណ៌ តាមពិតយើងធ្វើការដើម្បីបំពេញបន្ថែមទៅនឹងកង្វះខាតរបស់អាជ្ញាធរ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមទាំងអស់គ្នាដែលកើតមាននៅក្នុងមូលដ្ឋាន»។
ប្រធានគ្រប់គ្រងផ្នែកអង្គេតនៅអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកថា សេចក្តីណែនាំថ្មី របស់ក្រសួងមហាផ្ទៃពេលនេះ បញ្ជាក់ថាសង្គមស៊ីវិលមិនមែនជាក្រុមបដិវត្តពណ៌ដូចដែលរដ្ឋាភិបាលធ្លាប់ចោទប្រកាន់កន្លងទៅនោះទេ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែបារម្ភពីប្រសិទ្ធិភាពនៃការអនុវត្តរបស់អាជ្ញាធរមូលដ្ឋាន ដោយថារដ្ឋាភិបាលមិនបានប្រកាសដាក់ទោសទណ្ឌដល់មន្ត្រីបំពានច្បាប់នោះឡើយ។ លោកថា ដូចនេះវប្បធម៌ស្តាប់បញ្ជាថ្នាក់លើនៅតែមានឥទ្ធិពលគ្រប់ដណ្តប់ដល់ការអនុវត្តច្បាប់ ។
លោកថា៖ «ខ្លឹមសាលិខិតនេះល្អ ។ ប៉ុន្តែសួរថាតើអាជ្ញាធរមូលដ្ឋាននឹងគោរពលិខិតនេះឬអត់ ។ បើសិនជាអត់ ត្រូវតែមានវិធានការ ព្រោះនេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដែលជាអាណាព្យាបាលរបស់ខេត្ត និងរាជធានី»។
កាលពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨ លោក ស ខេង បានចេញសេចក្តីណែនាំ ទៅគណៈអភិបាលរាជធានី ខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ម្តងហើយ ដែលក្នុងលិខិតពេលនោះបញ្ជាក់ថា បើមានការរារាំង ឬរឹតត្បិតពីអាជ្ញាមូលដ្ឋាន សង្គមស៊ីវិល ត្រូវរាយការណ៍ករណីនេះ ទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីជួយសម្របសម្រួល និងដោះស្រាយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលចប់អាណត្តិលោក លោក William A.Heidt កាលពីថ្ងៃទី២០វិច្ឆិកា បានចូលជួប នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដែលក្នុងពិធីនោះ លោកស្នើឲ្យដោះលែងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បញ្ចប់ការហាមប្រាមគណបក្សប្រឆាំង បន្ធូរបន្ថយការរឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានថ្លែងកាលពីខែមីនា ឆ្នាំ ២០១៨ កន្លងមកថា បច្ចប្បន្ន សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនសរុប ៥២៣៤ ក្នុងនោះ សមាគមមានចំនួន ២១១៧ និងអង្គការមិនមែនរដ្ឋាភិបាល ៣១១៧៕