ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយក្រុមនៅក្រៅប្រទេស បានសម្រេចតែងតាំងលោក សម រង្ស៊ី ដឹកនាំគណបក្សនេះបណ្ដោះអាសន្ន អំឡុងពេលលោក កឹម សុខា ស្ថិតនៅក្នុងការឃុំខ្លួន។
ក្រុមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលមាននិន្នាការគាំទ្រលោក សម រង្ស៊ី បានរៀបចំសន្និសីទបក្សនៅក្រៅប្រទេសជាលើកដំបូង កាលពីថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក។
សន្និបាតនោះបានសម្រេច«ស្នើឯកឧត្តមសម រង្ស៊ី ដែលជាសហស្ថាបនិក និងជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីដឹកនាំក្នុងរយៈពេលដែលឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិមិនអាចដឹកនាំគណបក្សបាន។»
ទោះយ៉ាងណានៅថ្ងៃនេះសមាជិកគណបក្សសង្គ្រោះជាតិ ជាក្រុមដែលគាំទ្រលោក កឹម សុខា មិនបានចូលរួមសន្និសីទនេះទេ។ ក្រុមនេះក៏បានប្រកាសចាត់ទុកការតែងតាំងលោក សម រង្ស៊ីនេះថា ផ្ទុយពីលក្ខន្តិកៈគណបក្សនិង មិនអាចយកជាការបាន។