លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅប្រជាជនកម្ពុជា ឲ្យថែរក្សាសន្តិភាព ដោយលោករំលឹកឡើងវិញអំពីការបាត់បង់សិទ្ធិសេរីភាពទាំងស្រុងរបស់ពលរដ្ឋកម្ពុជានៅអំឡុងរបបខ្មែរក្រហម។
លោក ហ៊ុន សែន បានអំពាវនាវបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ ចំពេលដែលពិភពលោកប្រារព្ធខួប ៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បានរំលឹកឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា បានបាត់បង់សិទ្ធិសេរីភាពទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយក្រុមខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន រៀបរាប់ថា៖ «នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ឋិរស់រានមានជីវិត សិទ្ឋិទទួលទានអាហារ សិទ្ឋិពិនិត្យព្យាបាលជំងឺ សិទ្ឋិជំនឿសាសនា សិទ្ឋិសិក្សាអប់រំ សិទ្ឋិជ្រើសរើសតំណាង និងសិទ្ឋិបញ្ចេញមតិ សិទ្ឋិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។»។
លោក ហ៊ុន សែន បានអះអាងបន្ថែមថា ពលរដ្ឋកម្ពុជាបានទទួលសិទ្ធិសេរីភាពពេញលេញឡើងវិញ បន្ទាប់ពីការដួលរលំទៅនៃរបបខ្មែរក្រោមនៅដើមឆ្នាំ១៩៧៩។
ទោះជាយ៉ាងណា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះថា ការជួបជុំរបស់អង្គការសង្គមស៊ីវិលដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃនេះ នៅតែស្ថិតក្រោមការរឹតត្បិតដដែល បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ៕