សិស្សានុសិស្សប្រមាណ២២នាក់បន្តដួលសន្លប់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ ដែលធ្វើឲ្យចំនួនសិស្សដួលសន្លប់កើនដល់ជាង៩០នាក់។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មគោល លោក គង់ បក្ស បានមានប្រសាសន៍ប្រាប់វីអូឌីឲ្យដឹងថា សិស្សស្រីចំនួន២២នាក់ នៅវិទ្យាល័យថ្មគោលបានដួលសន្លប់ ហើយបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលកាលពីព្រឹកមិញនេះដើម្បីពិនិត្យនិងព្យាបាល។
លោក គង់ បក្ស បានបន្តទៀតថា សិស្សដែលដួលសន្លប់មានអាការៈឈឺក្បាល វិលមុខ និងថប់ដង្ហើម ដែលអាចបណ្តាលមកពីការភិតភ័យ។
ចំណែកឯនាយកសាលាវិទ្យាល័យថ្មគោល លោក ហីង សុធារិទ្ធ បានមានប្រសាសន៍ សិស្សានុសិស្សដួលសន្លប់អាចបណ្តាលមកពីអាកាសធាតុក្តៅ ហើយក្នុងបន្ទប់រៀននីមួយៗមានសិស្សចំនួនច្រើន ចាប់ពី៦០នាក់ ទៅ៧០នាក់ក្នុងមួយបន្ទប់។
លោក ហីង សុធារិទ្ធ បានបន្តថាកម្លាំងសមត្ថកិច្ចស្រុកនៅព្រឹកមិញនេះ បានបាញ់ទឹកសម្អាតថ្នាក់រៀន ពេលដែលមានសិស្សដួលសន្លប់បន្តបន្ទាប់។ សិស្សទាំងអស់នឹងចូលរៀនជាធម្មតាវិញនៅព្រឹកស្អែក។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សិស្សនៅវិទ្យាល័យថ្មគោលនេះ បានដួលសន្លប់រហូតទៅដល់៧១នាក់ ម្ដងរួចមកហើយ។ ពួកគេបានត្រលប់ទៅផ្ទះវិញបន្ទាប់ពីស្នាក់នៅមន្ទីរពេទ្យមួយរយៈខ្លី។ សាលាបានបិទទ្វាមួយថ្ងៃបន្ទាប់ពីមានសិស្សដួលសន្លប់ ហើយបានបើកវិញនៅថ្ងៃអង្គារនេះ។