ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារ ដើម្បីសិក្សានិងភិភាក្សា ជំរុញដំណើរការបើកច្រកទ្វារព្រំដែន រវាងកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន។
សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្រសួងបានបង្កើតក្រុមការងារសិក្សា និងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកព្រំដែន និងបណ្តាប្រទេសជាប់ព្រំដែន ដែលមានលោក សុខ ផល ជាប្រធាន។ សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា ក្រុមការងារនេះ មានភារកិច្ច ស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធស្តីពីការសម្រេចបង្កើតច្រកព្រំដែន ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែននីមួយៗ ក៏ដូចជាសម្របសម្រួល និងចរចាជាមួយភាគីនៃបណ្ដាប្រទេសជាប់ព្រំដែនជាដើម។
សេចក្តីសម្រេចបញ្ជាក់ថា ស្ថាប័នចំរុះដែលចូលរួមអនុវត្តការងារនេះរួមមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តជាប់ព្រំដែន គ្រប់នាយកដ្ឋាន រួមជាមួយអង្គភាពពាក់ព័ន្ធជាដើម៕