ស្នងការនគរបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់អគារថ្មីមានកំពស់៩ជាន់ ដែលមានបំពាក់បច្ចេកវិទ្យាទំនើបក្នុងការតាមដានគ្រប់ហេតុការណ៍ និងបទល្មើសក្នុងរាជធានីភ្នំពេញ។
យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិដែលបានស្រង់សម្តី ស្នងការក្រុងភ្នំពេញ លោក ស ថេត បានឲ្យដឹងថា លោកមានគម្រោងសាងសង់អគារថ្មីមានកម្ពស់៩ជាន់ដែលស្ថិតនៅទីតាំងចាស់ដដែលក្នុងខណ្ឌឬស្សីកែវ។
ប្រភពដដែល បានឲ្យដឹងថាអគារថ្មីរបស់ស្នងការដ្ឋានរនគរបាលរាជធានីភ្នំពេញនឹងមានបំពាក់បច្ចេកវិទ្យាទំនើបដែលអាចតាមដានគ្រប់សកម្មភាព និងបទល្មើសដែលកើតឡើងក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនបានបញ្ជាក់ថានឹងតាមដានយ៉ាងណានោះទេ។
លោក ស ថេត បានប្រាប់ វីអូឌី នៅថ្ងៃនេះថា លោកពិតជាមានគម្រោងសាងសង់អគារថ្មី ប៉ុន្តែមិនទាន់ដឹងថាពេលណាចាប់ផ្តើមសាងសង់នោះទេ ព្រោះពុំទាន់មានថវិកាគ្រប់គ្រាន់។ លោកបានបដិសេធផ្តល់ព័ត៌មានលម្អិតអំពីគំរោងនេះ។
កាលពីឆ្នាំ២០១៥ ចិនបានផ្តល់កាមេរ៉ាសុវត្ថិភាព២០០គ្រឿងដើម្បីបំពាក់តាមភ្លើងស្តុបក្នុងរាជធានីភ្នំពេញ សម្រាប់តាមដានបទល្មើចរាចរណ៍និងបទល្មើសផ្សេងៗ។ នៅក្នុងឆ្នាំ២០១៧ ជប៉ុនបានផ្តល់កាមេរាសុវត្ថិភាព៦០០គ្រឿង បន្ថែមលើការផ្តល់ដោយប្រទេសចិន។