លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថចូលកាន់ដំណែងជាប្រធានាធិបតីវេណេស៊ុយអេឡា សម្រាប់អាណត្តិថ្មីរបស់លោកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បើទោះបីជារដ្ឋសភា ប្រកាសលែងទទួលស្គាល់លោកយ៉ាងណាក្តី។
ការបោះឆ្នោតកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ លោក ម៉ាឌូរ៉ូ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានាធិបតីវេណេស៊ុយអេឡាជាថ្មីម្ដងទៀតសម្រាប់អាណត្តិឆ្នាំ ២០១៩-២០២៥។ តែសហគមន៍អន្តរជាតិមានដូចជា សហភាពអឺរ៉ុប អាមេរិក ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ និងក្រុមប្រទេស Lima Group ដែលជាប្រទេសក្នុងតំបន់អាមេរិកឡាទីន បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនោះទេ។
រដ្ឋសភាវេណេស៊ុយអេឡាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានអនុម័តសេចក្តីសម្រេចមួយដោយយោងតាមមាត្រា ២៣៣ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយបង្កើត «រដ្ឋាភិបាលអន្តរកាល» និងស្នើរៀបចំការបោះឆ្នោតថ្មីមួយដោយសេរីនិងប្រកបដោយតម្លាភាព។ ប្រធានរដ្ឋសភា លោក Juan Guaido បានប្រកាស ឲ្យប្រជាជនវេណេស៊ុយអេឡាចូលរួមជាមួយលោកក្នុងការធ្វើមហាបាតុកម្មដែលនឹងគ្រោងធ្វើនៅថ្ងៃទី២៣ ខែមករាខាងមុខ។
ទោះបីជាសហគមន៍ អន្តរជាតិមួយចំនួន ក៏ដូចជារដ្ឋសភាវេណេស៊ុយអេឡាផ្ទាល់មិនទទួលស្គាល់ភាពស្របច្បាប់របស់លោក ម៉ាឌូរ៉ូ យ៉ាងណាក្តី តែប្រធានាធិបតីរូបនេះនៅតែអាចក្តាប់អំណាចរបស់ខ្លួនបាន។
តើកត្តាអ្វីខ្លះដែលរួមចំណែកធ្វើឲ្យប្រធានាធិបតីរូបនេះ រក្សាអំណាចរបស់លោកបាន?
ថ្វីបើអាមេរិក សហគមន៍អឺរ៉ុប និងក្រុមប្រទេសអាមេរិកឡាទីនមួយចំនួនមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ តែក៏មានប្រទេសមួយចំនួនជាពិសេសប្រទេសសង្គមនិយម បង្ហាញការគាំទ្រចំពោះមេដឹកនាំរូបនេះផងដែរ។
អ្នកសម្របសម្រួលអង្គការនិស្សិតដើម្បីសេរីភាពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក Jorge C. Carrasco បានលើកឡើងថា ភាពឋិតថេរនៃអំណាចរបស់ លោក ម៉ាឌូរ៉ូ គឺអាស្រ័យដោយមានការគាំទ្រពីប្រទេសមហាអំណាចពីរគឺ រុស្ស៊ី និងចិន។
ក្រោយការបោះឆ្នោត ប្រទេសមហាអំណាចទាំងពីរនេះ បានទទួលស្គាល់ភ្លាមៗនូវលទ្ធផលដែលប្រកាសថា លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះ។ លោក Jorge C. Carrasco មានប្រសាសន៍ថា ការទទួលស្គាល់យ៉ាងលឿនថារដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ពីសំណាក់ភាគី រុស្ស៊ី ធ្វើឡើងដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាមេរិកឡាទីន ជាពិសេសប្រទេសដែលមិនចុះសម្រុងជាមួយអាមេរិក។
ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ រុស្ស៊ី បានដាក់យន្តហោះទម្លាក់គ្រាប់ Tu-១៦០ ចំនួន២គ្រឿង ក្នុងប្រទេសវេណេស៊ុយអេឡា។ រុស្ស៊ី មិនបានបញ្ជាក់ទេថាពេលណាខ្លួននឹងដកយន្តហោះទម្លាក់គ្រាប់បែកទាំងពីរនេះចេញពីប្រទេសនេះ។
លោក Jorge C. Carrasco បានឲ្យដឹងបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រភាពស្របច្បាប់របស់លោក ម៉ាឌូរ៉ូ ដោយសារតែមូលហេតុចំបងមួយគឺ សេដ្ឋកិច្ច។ លោក បន្ថែមថា រដ្ឋាភិបាលក្រុងការ៉ាកាស ជំពាក់ចិនរាប់ពាន់លានដុល្លារ ហើយដើម្បីសងចិនវិញ រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ក្នុងមួយថ្ងៃៗ ត្រូវសងបំណុលចិនជាប្រេងរាប់ពាន់បារ៉ែល។ លោក បានលើកឡើងថា ចិនចាត់ទុករដ្ឋាភិបាលក្រុងការ៉ាកាស ជាកូនបំណុលដ៏សំខាន់ដែលត្រូវតែយកចិត្តទុកដាក់ថែរក្សា។
កក្តាមូយទៀតដែលជួយឲ្យលោក ម៉ាឌូរ៉ូ រក្សាអំណាចរបស់ខ្លួនឲ្យបានគង់វង្ស គឺការអោបក្រសោបពួកយោធាតាមរយៈការផ្ដល់ឋានៈ និងតួនាទីសំខាន់ៗដល់ក្រុមមេទ័ពធំៗ។ តាមលោក Jorge C. Carrasco ក្រុមមេទ័ពទាំងនោះ ត្រូវបានលោក ម៉ាឌូរ៉ូ ផ្ដល់ទាំងអំណាចនយោបាយ និងសេដ្ឋកិច្ច ពោលគឺលោកធ្វើឲ្យពួកគេទាំងនោះស្មោះស្ម័គ្រ ហើយមើលឃើញថា ពួកគេកំពុងជិះទូកតែមួយជាមួយខ្លួន។
ពលរដ្ឋវេណេស៊ុយអេឡា កំពុងជួបវិបត្តិកង្វះខាតចំណីអាហារ ថ្នាំសង្កូវ ហើយមនុស្សប្រមាណជា៣លាននាក់កាលពីឆ្នាំ២០១៨កន្លងទៅ បានចាកចេញទៅកាន់ប្រទេសជិតខាងដើម្បីស្វែងរកការងារធ្វើ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សប្រចាំប្រទេសវេណេស៊ុយអេឡា Foro Penal បង្ហាញថាកាលពីឆ្នាំ២០១៨ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានឃុំខ្លួនអ្នកនយោបាយជិត៣០០នាក់ដែលធ្វើការរិះគន់ប្រឆាំងនឹងការដឹកនាំរបស់លោក៕