ទីភ្នាក់ងារព័ត៌មានបារាំង AFP បានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ១៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃម្សិលមិញនេះ នៅពេលគ្រាប់បែក ២គ្រាប់ ត្រូវបានបំផ្ទុះវាយប្រហារលើវិហារកាតូលិកមួយកន្លែង ស្ថិតនៅលើកោះមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាមូលដ្ឋានរឹងមាំរបស់ពួកឧទ្ទាមឥស្លាម។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានចុះផ្សាយបែបនេះ ក្រោយពីបានដកស្រង់សម្ដីរបស់កងទ័ពហ្វីលីពីន ដោយកត់សម្គាល់ថា ការវាយប្រហារនោះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីពលរដ្ឋចេញទៅបោះឆ្នោតគាំទ្រស្វ័យភាពបន្ថែមទៀតរបស់តំបន់សម្បូរទៅដោយពលរដ្ឋមូស្លីម។
AFP បានចុះផ្សាយបន្តថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើវិហារកាតូលិកនៅក្នុងប្រទេសហ្វីលីពីន ដែលមានប្រជាជនភាគច្រើនបំផុតជាគ្រឹស្ដសាសនិក។
បើតាម AFP បន្ទាប់ពីគ្រាប់ទី១ផ្ទុះឡើង ភ្លាមៗក្រោយមក គ្រាប់ទី២ក៏បានផ្ទុះឡើងនៅខាងក្រៅវិហារនោះផងដែរ ដោយបានសម្លាប់ទាហានហ្វីលីពីន ដែលបានរូតរះចូលទៅជួយសង្គ្រោះអ្នករងរបួសនៅអគារបាក់បែកហុយផ្សែងទ្រលោម ស្ថិតនៅក្នុងទីក្រុងចូឡូ។
ក្រុមអ្នកជំនាញបាននិយាយថា នេះគឺជាការប្រហារដ៏បង្ហូរឈាមបំផុតមួយកើតឡើងនៅភាគខាងត្បូងហ្វីលីពីននៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលតំបន់នោះធ្លាក់ចូលក្នុងអំពើបះបោរ៕