មនុស្សចំនួន៦នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកថ្ម និងរថយន្តអ្នកដំណើរមួយគ្រួសារ នៅលើផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង កាលពីយប់មិញ។
អធិការនគរបាលស្រុកកំពង់ត្របែក លោក សួន សំអឿន បានប្រាប់ VOD នៅថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត កើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបណ្តាលឲ្យមនុស្សចំនួន ៦នាក់បាត់បង់ជីវិត។
លោក សួន សំអឿន បានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ រថយន្តដឹកថ្មរ៉េចង្កូតទៅបុកជាមួយនឹងរថយន្តហាយលែនឌ័រដែលកំពុងបើកបញ្រ្ចាសទិសគ្នា។ ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៦នាក់នោះ គឺធ្វើដំណើរក្នុងរថយន្តហាយលែនឌ័រ ហើយក្នុងនោះមានប្រុស៤នាក់ និងស្រី២នាក់។
លោក សួន សំអឿន បានបន្ថែមថាបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង អ្នកបើកបររថយន្តដឹកថ្មបានរត់គេចខ្លួន។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកជនបង្កដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា ក្នុងឆ្នាំ២០១៨ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាង១៧០០នាក់ នៅទូទាំងប្រទេស។