មន្ត្រីអាកាសចរណ៍កម្ពុជា បានឲ្យដឹងថា យន្តហោះ Lanmei មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន ដែលប្រតិបត្តិការហោះហើរនៅកម្ពុជា បានចុះចតបន្ទាន់ ក្រោយហោះឡើងបានរយៈពេល ៣០នាទី នៅក្នុងជើងហោះហើរទៅកាន់ទីក្រុងបាងកក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ជា អូន បានប្រាប់ វីអូឌី តាមទូរស័ព្ទនៅថ្ងៃនេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Lanmei បានចុះចតជាបន្ទាន់កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីរកឃើញថា មានបញ្ហាបច្ចេកទេស។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា យន្តហោះនោះ បានវិលត្រឡប់មកអាកាសយានដ្ឋានអន្តរជាតិវិញ បន្ទាប់ពីហោះហើរបានរយៈពេល ៣០នាទី ក្នុងដំណើរហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។
លោក ជា អូន បានឲ្យដឹងថា អ្នកដំណើរប្រហែល ២០០នាក់ ដែលស្ថិតលើយន្តហោះមួយគ្រឿងនោះ ត្រូវបានផ្ទេរទៅយន្តហោះផ្សេងហើយ ក្រោយពីចុះចតជាបន្ទាន់រួចមក។
ទោះជាយ៉ាងណា លោក ជា អូន ពុំអាចបញ្ជាក់អំពីមូលហេតុច្បាស់លាស់នៃការចុះចតជាបន្ទាន់របស់យន្តហោះមួយគ្រឿងនោះឡើយ ដោយថា ក្រុមបច្ចេកទេសកំពុងតែស្រាវជ្រាវលើមូលហេតុនៅឡើយ។
ក្រុមហ៊ុនអាកាសចរណ៍ Lanmei បានចាប់ផ្ដើមប្រតិបត្តិការជើងហោះហើររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីខែតុលា ក្នុងឆ្នាំ២០១៧កន្លងមក៕