មនុស្សដល់ទៅ ៥០នាក់ទៀត ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ បន្ថែមទៅលើចំនួនមន្ត្រីដ៏ច្រើនដែលត្រូវបានតែងតាំងនៅស្ថាប័នមួយនេះ ក្រោយការបង្កើតរដ្ឋាភិបាលអាណត្តិថ្មីកាលពីឆ្នាំមុន។
ក្នុងព្រះរាជ្យក្រឹត្យចុះថ្ងៃទី២ ខែកុម្ភៈដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ឥស្សរជនចំនួន ៥០រូប ត្រូវបានព្រះមហាក្សត្រសម្រេចតែងតាំងជាទីប្រឹក្សានៃក្រសួងមហាផ្ទៃ ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមព្រះរាជក្រឹត្យដដែលនេះ ទីប្រឹក្សាទាំង ៥០រូប ត្រូវបានតែងតាំងឲ្យមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ។
រដ្ឋាភិបាលសព្វថ្ងៃដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន ២០៧នាក់ កាលពីខែកញ្ញាឆ្នាំមុន ដែលទីប្រឹក្សាទាំងនោះ មានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
កាលពីពាក់កណ្ដាលខែកញ្ញាឆ្នាំមុន លោក ហ៊ុន សែន ក៏បានតែងតាំងមន្ត្រីដល់ទៅជិត ៣០០នាក់ ជាទីប្រឹក្សាផ្ទាល់ ជាជំនួយការ ជាលេខា និងសមាជិកក្នុងក្រុមពិធីការក្នុងខុទ្ទកាល័យរបស់លោកផងដែរ។
ចាប់តាំងពីក្រោយការបង្កើតរដ្ឋាភិបាលថ្មីកាលពីដើមខែកញ្ញាឆ្នាំមុនមក មន្ត្រីមិនតិចជាង ១០០០នាក់នោះឡើយ ត្រូវបានតែងតាំងជាអនុរដ្ឋ និងរដ្ឋលេខាធិការនៅតាមបណ្ដាក្រសួង និងស្ថាប័ននានាទៀត។
ចំនួនទីប្រឹក្សា ឬក៏ជំនួយការរបស់មេដឹកនាំស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល បានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីក្រោយការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៦នេះ ក្រោយពីការបោះឆ្នោតជាតិកាលពីចុងខែកក្កដាកន្លងមក ដែលត្រូវបានប្រកាសថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈទាំង ១២៥នៅរដ្ឋសភា ខណៈដែលគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ធំរបស់បក្សកាន់អំណាច ត្រូវបានរំលាយចោល និងហាមឃាត់មិនឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្រោមហេតុផលថា «ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ»៕