អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ នឹងបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីតាមដាន ដោយថា ប្រទេសនេះងាយស្រួលក្នុងការប្រព្រឹត្តសកម្មភាពនេះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មានរ៉យទ័រ អង្គការក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា FATF នឹងដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយអាចនឹងត្រួតពិនិត្យលំហូរហិរញ្ញវត្ថុ វិនិយោគ និង ពាណិជ្ជកម្ម ចេញនិងចូលប្រទេសកម្ពុជា។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) ជាគឺជាអង្គការអន្តររដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ អង្គការនេះ ធ្វើការលើការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្ដល់ហិរញ្ញទានដល់ក្រុមភេរវកម្ម។
បើតាមរ៉យទ័រដែលបានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ការដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ FATF អាចនឹងបង្កការលំបាកដល់ក្រុមហ៊ុន ក៏ដូចជាបុគ្គលទូទៅ ក្នុងការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ប្រភពដដែល ឲ្យដឹងថាកម្ពុជា ត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះរបស់ FATF កាលពីឆ្នាំ២០១៥កន្លងទៅ ហើយការដាក់កម្ពុជាក្នុងបញ្ជីនេះឡើងវិញ បង្ហាញថាប្រទេសនេះ ដើរថយក្រោយក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នេះ៕