មន្ត្រីបរិស្ថានឲ្យដឹងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតរកជនល្មើស បន្ទាប់ពីដំរីឈ្មោលមួយក្បាល ត្រូវបានប្រទះឃើញស្លាប់ ហើយភ្លុករបស់វាត្រូវបានកាត់យក នៅឯខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃនេះថា មន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី បានប្រទះឃើញសាកសពដំរីវ័យចំណាស់មួយក្បាល ដែលត្រូវបានគេបាញ់សម្លាប់ក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ដំរីនោះអាចត្រូវបានបាញ់សម្លាប់កាលពីជាង ១០ថ្ងៃមុន ហើយភ្លក់ និងកន្ទុយរបស់វា ត្រូវបានគេកាត់ចេញពីខ្លួនរបស់វាផងដែរ។
លោក នេត្រ ភក្ត្រា បានអះអាងថា សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងស្រាវជ្រាវរកជនល្មើសដែលបានបាញ់សម្លាប់ដំរីឈ្មោលវ័យចំណាស់នោះ។
របាយការណ៍ស្រាវជ្រាវអំពីចំនួនដំរីនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០១ បានប៉ាន់ប្រមាណថា ដំរីព្រៃនៅកម្ពុជា មានចំនួនចន្លោះពី ៤០០ ទៅ ៦០០ក្បាលនៅទូទាំងប្រទេស ដែលបង្ហាញថា សត្វដំរីកំពុងប្រឈមមុខនឹងការបាត់បង់ពីប្រទេសកម្ពុជានៅពេលអនាគត៕