សមត្ថកិច្ចថៃ បានបដិសេធមិនឲ្យពលរដ្ឋខ្មែរ ៣៤នាក់ ចូលទឹកដី ដោយសារតែមានភេវរកម្ម និងអសន្តិសុខ នៅក្នុងខេត្តភាគខាងត្បូងប្រទេសខ្លួន។
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តបាត់ដំបង កាលពីម្សិលមិញ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារ«បានផាកាត» ខេត្តចន្ទបុរី ប្រទេសថៃ មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស។
ប្រភពដដែល ពលរដ្ឋខ្មែរទាំងអស់នោះ មានគោលបំណងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានបញ្ជូនខ្មែរឥស្លាម ចំនួន៣៤នាក់ ដែលក្នុងនោះមានស្រី២នាក់ ត្រលប់មកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយមន្ត្រីប្រទេសនេះរកឃើញភាពមិនប្រក្រតីនៃការធ្វើដំណើររបស់ពួកគេ។
ការសែតបាងកកប៉ុស្តិ៍កាលពីម្សិលមិញ បានផ្សាយថា អាជ្ញាធរថៃនឹងជួបជជែកជាមួយតំណាងសាលាឯកជនឥស្លាម ជាង៦០០ នៅខេត្តយ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត់ និង សុងក្លា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានសិស្សជាជនជាតិខ្មែរាប់រយនាក់ទៅរៀននៅទីនោះដោយខុសច្បាប់។ ប្រភពនេះ ឲ្យដឹងផងដែរថា តាមការប៉ាន់ប្រមាណមាននិស្សិតខ្មែរឥស្លាមរាប់រយនាក់កំពុងសិក្សានៅខេត្តភាគខាងត្បូង។
តាមការចុះផ្សាយរបស់សារព័ត៌មានដដែលនេះ ក្រុមយោធាថៃជឿថា ក្រុមប្រឆាំងរដ្ឋាភិបាលនៅខេត្តភាគត្បូង កំពុងព្យាយាមអូសទាញយុវជនខ្មែរឥស្លាមឲ្យចូលជាមួយក្រុមរបស់ពួកគេ៕