សមាជិកសភារបស់អាមេរិកពីររូបបានដាក់សេចក្តីស្នើច្បាប់កាលពីម្សិលមិញ ដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ដូណាល់ ត្រាំ មានវិធានការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ដោយចោទថា មានការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារ។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញរបស់តំណាងរាស្ត្រទាំងពីររូបគឺ លោក អាឡាំង ឡូវឹនសល (Alan Lowenthal) និងលោកស្ទីវ ឆាបុត (Steve Chabot) បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ មានការរំលោភសិទ្ធិមនុស្ស គំរាមកំហែង បំភិតបំភ័យ និងការធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតមិនប្រព្រឹត្តិទៅដោយត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីស្នើច្បាប់នោះ ជំរុញឲ្យរដ្ឋាភិបាលអាមេរិកពិនិត្យលើស្ថានភាពកម្ពុជា ដើម្បីឈានដល់ការដក ការព្យួរ ឬ ក៏ដាក់វិធានការរឹតត្បិតផ្សេងៗទៀត។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅពីសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៧។ ប្រព័ន្ធនេះអនុញ្ញាតឲ្យកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណ៤០០លានដុល្លារ និងអាចធ្វើឲ្យកម្ពុជាចំណេញបានប្រមាណ៨០លានដុល្លារក្នុង១ឆ្នាំ។