កងកម្លាំងទាហានប្រមាណ៣០០នាក់របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមសម្រាប់ដឹកទឹកជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តមួយចំនួន ដែលប្រឈមកង្វះទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ។
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់កងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងែនេះឲ្យដឹងថា មេបញ្ជាការអង្គភាពនេះគឺ លោក ហ៊ុល សំអុន បានត្រៀមកម្លាំងទាហានចំនួន៣០០នាក់ រថយន្ត១០០គ្រឿង សម្រាប់រៀបចំដាក់ស៊ីទែន១០០ និងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង សម្រាប់ដឹកទឹកជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលអាចប្រឈមនឹងគ្រោះរាំងស្ងួតរដូវប្រាំងឆ្នាំនេះ។
ប្រភពដដែលបានឲ្យដឹងថា លោក ហ៊ុល សំអុន ត្រៀមកម្លាំងទាហានសម្រាប់ដឹកទឹកជូនពលរដ្ឋ បន្ទាប់ពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់ វីអូឌី កាលពីដើមខែកុម្ភ: ថាក្រសួងនេះក៏បានត្រៀមរថយន្តជិត១០០គ្រឿងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅតំបន់ដែលខ្វះខាតទឹកប្រើប្រាស់ផងដែរ។ លោកថា តំបន់ដែលប្រឈមនឹងកង្វះទឹកប្រើប្រាស់ខ្លាំងជាងគេ គឺតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ជាពិសេសគឺខេត្តបាត់បំបង ឧត្តរមានជ័យ និងបន្ទាយមានជ័យ។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង។ រដ្ឋាភិបាលក៏បានអំពាវនាវកសិករមិនឲ្យធ្វើស្រូវប្រាំងលើកទីពីរផងដែរ។