លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋឲ្យមានការអត់ធ្មត់ចំពោះការដាច់ភ្លើងប្រើប្រាស់ ហើយថារដ្ឋាភិបាលបានសម្រេចយកអគ្គិសនីពីក្រុមហ៊ុននៅប្រទេសតួគី២០០មេហ្គាវ៉ាត់មកប្រើប្រាស់បណ្តោះអាសន្ន។
នៅលើហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានសរសេរសារសុំឲ្យពលរដ្ឋនៅតំបន់ដាច់ភ្លើងមានការអត់ធ្មត់។
លោក ហ៊ុន សែន៖«សូមបងប្អូនប្រជាពលរដ្ឋមេត្តាអត់ធ្មត់បន្តិច ប្រសិនបើមានការដាច់ភ្លើងនៅតាមតំបន់មួយចំនួន»។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា តួគីបានយល់ព្រមផ្គត់ផ្គង់អគ្គិសនី២០០មេហ្គាវ៉ាត់រយៈពេល៣ឆ្នាំរហូតកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដោយខ្លួនឯងវិញ។ ទោះយ៉ាងណាលោក មិនបានបញ្ជាក់ថា អគ្គិសនីពីតួគីនោះយកមកដល់កម្ពុជានៅពេលណា? ហើយលក់ឲ្យកម្ពុជាក្នុងតម្លៃប៉ុន្មានទេ?